ភ្លៀងធ្លាក់ខ្លាំងដែលបង្កដោយព្យុះទីហ្វុង Wutip បានបណ្ដាលឱ្យមានទឹកជំនន់ជន់លិចដំណាំចម្ការរាប់ម៉ឺនហិកតា រួមទាំងរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ភាគកណ្ដាលនៃប្រទេសវៀតណាម លើសពីនេះក៏បានសម្លាប់មនុស្ស ៩នាក់ និង២នាក់ទៀតបាត់ខ្លួនកាលពីចុងសប្ដាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។

អាជ្ញាធរបានរាយការណ៍ថា អ្នកស្លាប់ទាំង ៩នាក់ ស្ថិតនៅខេត្ត Hue Quang Tri និងខេត្ត Quang Binh ដោយមានមនុស្ស ២នាក់ទៀតកំពុងបាត់ខ្លួននៅខេត្ត Quang Binh។
ជាមួយគ្នាអាជ្ញាធរក៏បានរាយការណ៍ពីការខូចខាតផលដំណាំ និងស្រូវជាច្រើន ដោយស្រូវជាង ៦៧០ហិកតា, ដំឡូងមី ៣០ហិកតា, សណ្ដែក ១,៥ហិកតា និងឈូក ៣,៥ហិកតា បានរងការខូចខាតដោយសារទឹកជំនន់បង្កដោយព្យុះខាងលើនេះ។



ចំណែកឯផ្ទះប្រជាជនជាង ៣,៥០០ខ្នង ត្រូវទឹកជន់លិច ហើយផលដំណាំសរុបប្រមាណ ៨៨.០០០ហិកតាទៀតត្រូវលិចទឹក។ ខណៈជើងហោះហើរជាង ២០ នៅអាកាសយានដ្ឋាន Da Nang ត្រូវបានពន្យារពេល ឬលុបចោលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។


សូមជម្រាបថា ព្យុះទីហ្វុង Wutip បានចុះខ្សោយទៅជាព្យុះត្រូពិចកាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីបានបោកបក់នៅខេត្តក្វាងទុងរបស់ប្រទេសចិន ហើយវាបានបោកបក់ឆ្ពោះទៅភាគឦសាន និងស្ងប់ស្ងាត់ជាបណ្តើរៗ៕

