កម្ពុជាគ្រោងបិទព្រំដែនទាំងស្រុងរវាងកម្ពុជានិងថៃលើការចរាចរបន្លែ និងផ្លែឈើ។ ប៉ុន្ដែកម្ពុជាទុកពេលឱ្យ២៤ម៉ោង ក្រោយពីសម្ដេចតេជោ បានសន្ទនាជាមួយនឹងនាយករដ្ឋមន្រ្តីថៃ និងនាយករដ្ឋមន្រ្តីថៃបានសន្ទនាជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងបែបនេះនៅក្នុងការថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥។
សូមចុចអាន៖ គ្រោះទឹកជំនន់បង្កដោយព្យុះទីហ្វុង Wutip សម្លា.ប់មនុស្ស ៩នាក់ បាត់ខ្លួន២នាក់ នៅភាគកណ្ដាលប្រទេសវៀតណាម

ក្រោយពីមានទំនាស់រវាងកម្ពុជានិងថៃ សម្ដេចតេជោ ហ៊ុន សែនថា ថៃគឺជាអ្នកផ្ដើមបិទព្រំដែនជាឯកតោភាគី ដូច្នេះបើចង់បើកព្រំដែនគឺកងទ័ពថៃត្រូវបើកច្រកព្រំដែនវិញ។
ឆ្លើយតបទៅនឹងវិធានការកងទ័ពថៃបិទព្រំដែនជាឯកតោភាគី កម្ពុជាបានសម្រេចចិត្តបិទច្រកដូង ដែលជាច្រកសំខាន់របស់ថៃនាំចេញបន្លែផ្លែឈើទៅកាន់ប្រទេសវៀតណាម។
ការបិទច្រកនេះថៃព្យាយាមចរចាជាមួយកម្ពុជា តែកម្ពុជាបានចាត់ទុកការបិទឯកតោភាគីគឺជាការរំលោភកិច្ចព្រមព្រៀងលើបញ្ហាច្រកព្រំដែន។ សម្ដេចតេជោ ហ៊ុន សែនបានចាត់ទុកថា ការចង់ចរចាគឺចង់ឲ្យកម្ពុជាបាក់មុខជាមួយថៃ ដូច្នេះកម្ពុជាមានកិត្តិយស មានសេចក្ដីថ្លៃថ្នូរ ក្នុងករណីនេះ កម្ពុជាអត់ចរចានោះទេ។
ក្រោយសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃ កម្ពុជាទុកពេល២៤ម៉ោង បើថៃមិនបើកច្រកវិញ គឺកម្ពុជានឹងបិទព្រំដែនទាំងស្រុងរវាងកម្ពុជានិងថៃ លើការចរាចរបន្លែ និងផ្លែឈើ ដូចច្រកដូង។
រឿងបិទព្រំដែននេះ សម្ដេចតេជោបានស្នើសុំឲ្យប្រជាពលរដ្ឋថៃកុំខឹងរដ្ឋាភិបាលកម្ពុជា ព្រោះអ្វីផ្ដើមពីកងទ័ពថៃ។ ប្រសិនបើពលរដ្ឋថៃចង់តវ៉ាគួរគប្បីតវ៉ាទាហានថៃ។
ជម្លោះកម្ពុជានិងថៃបានឡើងជារលកកម្ដៅខ្លាំងក្រោយពីកងទ័ពថៃបានបាញ់មុនចូលលេណដ្ឋានកម្ពុជាបណ្ដាលឲ្យយោធិនកម្ពុជា១នាក់បាត់បង់ជីវិត ហើយទីបំផុតកម្ពុជាបានយកសំណុំរឿងតំបន់មុំ៣ ប្រាសាទតាមានតូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការអន្ដរជាតិ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥៕

