ភ្នំពេញ ៖ ម៉ូតូ រថយន្ត មួយចំនួននៅតែបើកបរលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ លើកំណាត់ផ្លូវនរោត្តម បង្កឱ្យបាត់នូវសណ្តាប់ធ្នាប់ កកស្ទះចរាចរណ៍ ទើបនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលចរាចរណ៍ ស្នងការរាជធានីភ្នំពេញ ធ្វើការឃាត់ម៉ូតូ រថយន្ត ដែលជិះ បើកលើផ្លូវបញ្ច្រាស ចំនួន១៧គ្រឿង នៅត្រង់ចំណុចអតីតសណ្ឋាគារតាយម៉េង តាមផ្លូវព្រះនរោត្ដម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ពិន័យតាមគោលការណ៍ច្បាប់។

តាមនគរបាលបានឱ្យដឹងថា បន្ទាប់ពីនៅមានបងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ម៉ូតូ រថយន្ត កាលបើមិនឃើញកម្លាំងនគរបាលប្រចាំសម្រួលតាមគោលដៅភ្លើងស្តុប ឬចំណុចប្រឈមកកស្ទះចរាចរណ៍ទេនោះ មានអ្នកបើកបរឆ្លៀត បើកលើផ្លូវបញ្ច្រាស ដែលនាំឱ្យបាត់នូវសណ្តាប់ធ្នាប់ ប្រឈមកកស្ទះចរាចរណ៍ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងស្នងការក្រុង ចុះទៅចាត់វិធានការ ឃាត់អ្នកបើកបរបញ្ច្រាសផ្លូវ បានម៉ូតូចំនួន១៦គ្រឿង រថយន្ត១គ្រឿង ។

មធ្យោបាយដែលបើកបរល្មើសច្បាប់ចរាចរណ៍ដែលឃាត់បាន នគរបាលធ្វើការអប់រំ និងអនុវត្តន៍ពិន័យតាមគោលការណ៍ច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.