រាជធានីភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ដោយខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានសារធាតុញៀនសរុបជាង ៤ គីឡូក្រាម។
យោងតាមសេចក្ដីរាយការណ៍របស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៦:០០ នាទី កម្លាំងជំនាញ (ក១) បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីនៅចំណុចផ្លូវបេតុង ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន គឺបុរសជនជាតិខ្មែរ អាយុ ៣២ ឆ្នាំ។ ក្នុងការបង្ក្រាបនោះ កម្លាំងបានដកហូតបានវត្ថុតាងសារធាតុញៀនរួមមាន៖
- គេតាមីន (Ketamine) ចំនួន ៧០៧.៥៩ ក្រាម
- អ៊ិចស្តាស៊ី (MDMA) ចំនួន ២០៦៦.០៥ ក្រាម
- មេតំហ្វេតាមីន (WY/ICE) ចំនួន ១២៩២.០៥ ក្រាម
សរុបទម្ងន់សារធាតុញៀនជាង ៤ គីឡូក្រាម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


អត្ថបទ៖តាខ្មៅ
