ត្បូងឃ្មុំ៖ អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

ពិធីនេះធ្វើឡើង ក្នុងគោលបំណងរំលឹកការចងចាំខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជាសក្ខីភាពនៃការដឹកគុណ ចំពោះគុណឧបការៈដ៏ធំធេង ដែលវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានលះបង់ដើម្បីជាតិ មាតុភូមិកន្លងមក ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ សូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមរំលឹកដែរថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម ជាទីតាំងសម្គាល់នៃដំណើរលះបង់ដ៏រហ័សរហួនរបស់សមមិត្ត ហ៊ុន សែន នៅឆ្នាំ១៩៧៧ ដោយបានយកជីវិតធ្វើដើមទុន ដកខ្លួនចេញពីរបបខ្មែរក្រហម ឆ្លងព្រំដែន ទៅសុំការគ្រាំទ្រពីប្រទេសវៀតណាម ដើម្បីរៀបចំកម្លាំងជាថ្មីឡើងវិញ នាំឲ្យមានការរក្សាជាតិ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ដល់បច្ចុប្បន្ន។

Share.