ប៉េកាំង៖ ស្ថានទូតចិនប្រចាំ​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​អង្គារ នេះ បាន​ជំរុញ​ពលរដ្ឋ​ខ្លួន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​នេះ «​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន» បន្ទាប់​ពី​អ៊ីស្រាអែល និង​អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៧ ខែមិថុនា​ ឆ្នាំ២០២៥។

ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម WeChat ថា «បេសកកម្មចិននៅអ៊ីស្រាអែល រំលឹកជនជាតិចិន ឱ្យចាកចេញពីប្រទេសឱ្យបានឆាប់តាមដែលអាចធ្វើបានតាមរយៈច្រកព្រំដែនគោក ដើម្បី​បង្ការ​ទុក​​ជាមុន​ថា​ពួកគេអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។ បន្ថែម​ពី​នោះ ក្រសួង​ក៏​បាន​បញ្ជាក់​ទៀត​ថា «ជា​ការ​ផ្ដល់អនុសាសន៍ សូម​ចាកចេញក្នុងទិសដៅនៃ​ប្រទេស​ហ្សកដានី»។

ទាក់ទិននឹងបញ្ហានេះ ស្ថានទូតក្រុងប៉េកាំង បាននិយាយនាថ្ងៃអង្គារ នេះថា «ជម្លោះកំពុងបន្ដកើនឡើង»។ ស្ថានទូតដដែលបន្ដថា «ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានខូចខាត ការស្លាប់ និងរបួសរបស់ជនស៊ីវិលមានការកើនឡើង ហើយស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរទៅៗ»។

បន្ទាប់ពីមានសត្រូវ និងជម្លោះអូសបន្លាយរាប់ទសវត្សរ៍ អ៉ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការអាកាសដ៏គួរ​ឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រឆាំងនឹងគោលដៅនៅទូទាំងប្រទេសអ៉ីរ៉ង់ ដោយនិយាយថា ពួកគេមានបំណងបញ្ចៀសសត្រូវរបស់ខ្លួនពីការទទួលបានអាវុធបរមាណូ ដែលជាមហិច្ឆតាមួយដែលទីក្រុងតេអេរ៉ង់តែងតែបដិសេធ។

សូមជម្រាបថា ការផ្ទុះឡើងភ្លាមៗ នៅក្នុងអរិភាព បានបង្ក​ឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែ​រីក​ធំ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញ​ឱ្យអ៊ីរ៉ង់ត្រឡប់ទៅតុចរចាវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានបង្អាក់កិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្ត៕

ប្រភព៖ CNA

Share.