បាត់ដំបង÷ ក្រោយមានបទបញ្ជាពីសម្តេចតេជោ ចាប់ពីម៉ោង ៩:០០នាទីព្រឹកនេះតទៅច្រកទ្វារព្រំដែនទាំង ៥ក្នុងខេត្តបាត់ដំបង បានបិទផ្អាកការនាំចូលបន្លែ ផ្លែឈើទាំងស្រុងហើយ។

លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃ ១៧ ខែមិថុនា ឆ្នាំ ២០២៥នេះថា÷ តាមការណែនាំពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ស្តីពីវិធានការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់ច្រកទ្វារទាំង ៤ ( ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី គីឡូលេខ ១៣ និងច្រកទ្វារព្រំដែនតំបន់ចំនួន ៣ ) បានបិទផ្អាកទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃទាំងស្រុងហើយចាប់ពីម៉ោង ៩:០០នាទីព្រឹក ថ្ងៃអង្គារ ទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ នេះតទៅ បូកទាំងការបិទផ្អាកនូវរថយន្តដឹកទំនិញគ្រប់ប្រភេទមិនឲ្យមានការឆ្លងកាត់នូវច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ចាប់តាំងពីម៉ោង ៩:២០នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥កន្លងមក។

អ្នកនាំពាក្យសាលាខេត្តបាត់ដំបង លោក សឿម ប៊ុនរឹទ្ធ បានបញ្ជាក់បន្ថែមថា÷ ស្របជាមួយចំណាត់ការឆ្លើយតបរបស់ថ្នាក់ដឹកនាំទៅកាន់ភាគីថៃនេះ រាល់ការចេញ ចូលឆ្លងកាត់របស់ប្រជាពលរដ្ឋ និងពលករខ្មែរនៅបន្តធម្មតាមិនមានការប្រែប្រួលឡើយ៕

អត្ថបទ: ដំបងក្រញូង

Share.