យន្ដហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារទីស្នាក់ការរបស់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ IRIB ក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីយោធាអ៊ីស្រាអែល បានប្រាប់អ្នកស្រុកនៃតំបន់នៃរដ្ឋធានីនោះឱ្យជម្លៀសខ្លួនចេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ការផ្សាយបន្តផ្ទាល់មួយនៅលើប៉ុស្តិ៍ទូរទស្សន៍នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ត្រូវបានរំខានមួយរយៈពេលខ្លី បន្ទាប់ពីមានសំឡេងផ្ទុះ ហើយដាច់ភ្លើងក្នុងបន្ទប់ស្ទូឌីយោ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា យ៉ាងហោចណាស់បុគ្គលិកម្នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍នោះ។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានកំណត់គោលដៅ «មជ្ឈមណ្ឌលទំនាក់ទំនងនៃរបបអ៊ីរ៉ង់»។

យ៉ាងណាម៉ិញ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារនេះ គឺជា «ឧក្រិដ្ឋកម្មសង្គ្រាម»។ ទន្ទឹមនឹងនោះ អ្នកស្រុកក្នុងទីក្រុងតេអេរ៉ង់ ហាក់ដូចជាកំពុងភៀសខ្លួនយ៉ាងច្រើន ជាមួយនឹងរូបភាពបង្ហាញពីការកកស្ទះចរាចរណ៍នៅលើផ្លូវហាយវេមួយឆ្ពោះទៅភាគខាងជើងប្រទេស។

ក្រសួងសុខាភិបាលអ៊ីរ៉ង់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២២៤នាក់ត្រូវបានសម្លាប់ និងជាង ១,២០០នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុន នៅពេលដែលអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសទ្រង់ទ្រាយធំដែលផ្តោតលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់។

ចំណែកឯការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ និងរបួស ៥៩២នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលដូចគ្នា នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានហៅទូរទស្សន៍ IRIB ថាជា «អាជ្ញាធរផ្សាយការឃោសនា និងការញុះញង់របស់របបអ៊ីរ៉ង់»។ រីឯអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បានថ្កោលទោសការវាយប្រហារនេះ ដោយនិយាយថាជា «ទង្វើដ៏អាក្រក់» និងជា «ឧក្រិដ្ឋកម្មសង្គ្រាម»៕

ប្រភព៖ BBC

Share.