យោងតាមក្រុមគ្រូពេទ្យ និងក្រសួងសុខាភិបាលក្នុងតំបន់ឱ្យដឹងថា រថក្រោះអ៊ីស្រាអែលបានបាញ់ចូលទៅក្នុងហ្វូងមនុស្សដែលកំពុងរង់ចាំទទួលជំនួយស្បៀងអាហារពីរថយន្តដឹកទំនិញនៅទីក្រុង Khan Younis តំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥។

យោធាអ៊ីស្រាអែលដែលកំពុងធ្វើសង្រ្គាមជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដឹកនាំដោយក្រុមហាម៉ាសនៅហ្គាហ្សា ចាប់តាំងពីខែតុលាឆ្នាំ២០២៣ បានទទួលស្គាល់ថា ពិតជាបានបាញ់នៅក្នុងតំបន់នេះ ហើយបាននិយាយថា ព្យាយាមកាត់បន្ថយផងដែរនូវគ្រោះថ្នាក់ដល់ជនស៊ីវិល ស្របពេលដែលពួកគេអះអាងសិទ្ធិរបស់កងទ័ពក្នុងការការពារខ្លួននៅពេលដែលស្ថិតនៅក្រោមការគំរាមកំហែង។

សាក្ស៊ីដែលផ្ដល់បទសម្ភាសដោយទីភ្នាក់ងារ Reuters បាននិយាយថា «រថក្រោះបានបាញ់ផ្លោងមីស៊ីលយ៉ាងហោចណាស់ ២គ្រាប់ទៅលើហ្វូងមនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្ដុំគ្នានៅលើផ្លូវដើម្បីរង់ចាំទទួលជំនួយ»។

យោងតាមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥៩នាក់ត្រូវបានសម្លាប់ និង ២២១នាក់បានរងរបួសក្នុងហេតុការណ៍ខាងលើនោះ ខណៈបុគ្គលិកមន្ទីរពេទ្យ Nasser បានឱ្យដឹងថា យ៉ាងហោចណាស់អ្នករបួស ២០នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

នៅថ្ងៃដដែលនោះក្នុងតំបន់ហ្គាហ្សា មានមនុស្សយ៉ាងហោចណាស់ ១៤នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានស្លាប់ ដោយការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយរបស់អ៊ីស្រាអែល ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ប្រហែល ៧៣នាក់ក្នុងមួយថ្ងៃ។

យ៉ាងណា នេះគឺជាការសម្លាប់ដ៏អាក្រក់បំផុត គិតចាប់តាំងពីការបើកការផ្ដល់ជំនួយឡើងវិញនៅក្នុងខែឧសភា។ អាជ្ញាធរហ្គាហ្សា បាននិយាយថា មនុស្សសរុបចំនួន ៣៩៧នាក់បានស្លាប់ ហើយជាង ៣,០០០នាក់បានរងរបួស នៅពេលដែលពួកគេព្យាយាមទទួលបានជំនួយស្បៀងអាហារ៕

