បន្ទាយមានជ័យ៖ តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ ច្រកទ្វារព្រំដែនចំនួន០៤កន្លែង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានហាមឃាត់មិនឱ្យដឹកបន្លែ ផ្លែឈើ ពីប្រទេសថៃនាំចូលកម្ពុជានោះទេ ​ដែរនេះគឺជាការឆ្លើយតបទៅកាន់ភាគីថៃ​ ដោយបានបិទច្រកព្រំដែនជាឯកតោភាគី និងមិនបានជូនដំណឹងមកកាន់កម្ពុជាមុននោះទេ។

ច្រកទាំង០៤នៅខេត្តបន្ទាយមានជ័យ ដែលបើកដំណើរការមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន០២ គឺច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ដែលបើកដំណើរការនៅម៉ោង៩.00ព្រឹក និងបិទនៅម៉ោង១៦.០០រសៀល។ ចំណែកច្រកទ្វារតំបន់២ទៀត គឺច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន និងច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បើកដំណើរនៅម៉ោង៩.០០ និងបិទនៅម៉ោង ១២ៈ០០។

លោក ស៊ីវ សេងហឹង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនបានប្រាប់ឱ្យដឹងថា៖ ច្រកព្រំដែនបឹងត្រកួន គឺបើកដំណើរធម្មតា ដោយទំនិញថៃនាំចូលប្រមាណជាង១០គ្រឿង គឺជាប្រភេទទំនិញអីវ៉ាន់ចាប់ហួយ គ្រឿងបរិភោគ និងប្រជាពលរដ្ឋខ្មែរចូលទៅទិញទំនិញតិចតួចចេញមកវិញ ដោយកម្លាំងអាជ្ញាធរព្រំដែនបានត្រួតពិនិត្យយ៉ាងតឹងរឹង ប៉ុន្តែរថយន្តធំៗរបស់ថៃដែលធ្លាប់ទិញទំនិញកម្ពុជាដូចជាដំឡូងមី ត្រូវបានបិទមិនឱ្យចូលនោះទេ។

ចំណែកលោក ស សំណាង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បានបញ្ជាក់ថា ច្រកម៉ាឡៃបើកដំណើរការធម្មតា ដោយរថយន្តដឹកទំនិញថៃប្រភេទ ទេសចរណ៍ដឹកចូលមួយថ្ងៃ១០ទៅ២០គ្រឿង ជាទំនិញអីវ៉ាន់ចាប់ហួយ ហើយកន្លងមករថយន្តធុនធំៗថៃ ធ្លាប់ចូលមកដឹកទំនិញកម្ពុជាមានប្រភេទអេតចាយ ពេលនេះគឺថៃបិទមិនឱ្យឈ្មួញថៃចូលដឹកទំនិញពីកម្ពុជាទេ។

គួរបញ្ជាក់ថា នៅពេលដែលកម្ពុជារឹតបណ្តឹងមិនឲ្យនាំបន្លែផ្លែឈើថៃចូល នៅថ្ងៃទី១៧ ខែមិថុនាម្សិលមិញនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភាគីថៃក៏មិនឲ្យពលរដ្ឋថៃ ចូលកម្ពុជា ធ្វើការងារនៅតាមតំបន់កាស៊ីណូនៅជាយដែនក្រុងប៉ោយប៉ែតផងដែរ៕

Share.