​អន្តរជាតិ៖ តាមការចេញផ្សាយរបស់សារព័ត៌មាន komchadluek និង Thairath ឱ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១:៤៥ នាទីរសៀល ខ្មាន់កាំភ្លើងបានឈ្លបចូលមកបាញ់ទាហានថៃបានសម្លាប់ទាហានថៃម្នាក់ និងមានម្នាក់ទៀតរបួស នៅភូមិបានវ៉ាងហ៊ីន ឃុំបាន់ណាងសៈតា ស្រុកបាន់ណាន់សាតា ខេត្តយ៉ាឡា។ ស្ថានភាពតាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញអត្តសញ្ញាណខ្មាន់កាំភ្លើងនៅឡើយទេ។

បើតាមសេចក្ដីរាយការណ៍ពីក្រុមការងារកងវរសេនាតូចកងទ័ពជើងគោកលេខ១ថៃ ឱ្យដឹងថា ខ្មាន់កាំភ្លើងមិនត្រូវបានស្គាល់អត្តសញ្ញាណ និងមិនដឹងថាប្រើប្រាស់អាវុធប្រភេទអ្វីសោះឡើយ។ ក្នុងហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ ពលទាហានឈ្មោះ ផាឃុម ស៊ូដេន មានអាយុ ២២ ឆ្នាំ ត្រូវបានខ្មាំងកាំភ្លើងបាញ់ចំពោះ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ។ យ៉ាងណាមិញ ក្នុងហេតុការណ៍កើតឡើងនេះ នៅមានពលទាហានមួយរូបទៀតបានរងរបួស និងបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

ក្រោយកើតហេតុ កងកម្លាំងយោធា និងអាជ្ញាធរមូលដ្ឋាន បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងតឹងរឹង និងបានបិទកន្លែងមូលដ្ឋានជាបណ្ដោះអាសន្ន ដើម្បីធ្វើការអង្កេត និងចុះពិនិត្យយ៉ាងលម្អិតចំពោះទីតាំងកើតហេតុផ្ទាល់។ ក្នុងប្រតិបត្តិការនេះដែរ ក៏នៅមានក្រុមពលទាហានចំនួន ១២ រូបផ្សេងទៀត បន្តយាមល្បាតជាធម្មតា។

បើទោះបីជាការស៊ើបអង្កេតលើករណីនេះមិនទាន់បង្ហាញលទ្ធផលយ៉ាងណាក្ដី ប៉ុន្តែអាជ្ញាធរមូលដ្ឋានថៃជឿថា ខ្មាំងកាំភ្លើងគឺជាក្រុមឧទាមផ្ដាច់ខ្លួនដែលប្រឆាំងនឹងរដ្ឋាភិបាលថៃ ក្នុងការតម្រង់គោលដៅលើ មន្ត្រី នគរបាល ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលការពាសន្តិសុខក្នុងតំបន់ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកបះបោរ៕

Share.