ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ករណីសមត្តកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពង់ធំ បានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធា នីភ្នំពេញ បានធ្វើការឃាត់ខ្លួនទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ពាក់ពន្ធពីបទ.មិនបំពេញកាត ព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន”សែកស្អុយ” និងបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៥។

ជនសង្ស័យមានឈ្មោះ ប៉ែន សូត្រ ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ (ដែលមានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទីប្រិក្សាទីស្តីការគណៈ រដ្ឋមន្ត្រី ឋានៈស្មើអនុរដ្ឋលេខាធិការ) មានទីលំ នៅផ្ទះលេខ១០ ០២ ផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កុល កំពូល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ យល់ឃើញថា តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើឈ្មោះ ប៉ែន សូត្រ ភេទប្រុស អាយុ៤៤ ឆ្នាំ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ៕

អត្ថបទ៖ ចតុម្មុខ

Share.