Kazuyoshi Miura ត្រូវគេស្គាល់ថា King Kazu បច្ចុប្បន្នមានវ័យ ៥៨ឆ្នាំ នៅតែបន្តបង្ហាញខ្លួននៅលើទីលានបាន ទោះមានវ័យចាស់ក៏ដោយ។

បុរសវ័យចាស់ម្នាក់នេះ ដែលមានដើមកំណើតនៅខេត្ត Shizuoka ជាតំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងទីក្រុង រូបលោកបានចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់ដំបូងគេនៅក្លិប Santos លីគកំពូលរបស់ប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៨៦ ហើយក៏បន្តលេងឲ្យក្លិប Palmeiras, Matsubara, Jaú, Coritiba ជាដើម។

លុះដល់ឆ្នាំ១៩៩០ ទើបគាត់ទៅលេងឲ្យក្លិប Tokyo Verdy លីគទី២របស់ប្រទេសជប៉ុន បន្ទាប់មក Miura ត្រូវបានក្លិប Genoa លីគកំពូលអ៊ីតាលីខ្ចីជើង ចំនួន១រដូវកាលនៅឆ្នាំ១៩៩៤ និងបន្តផ្លាស់ទីកាន់ក្លិប Dinamo Zagreb លីគកំពូលរបស់ប្រទេសក្រូអាត។
អ្វីកាន់តែពិសេស Miura លេងឱ្យក្លិប Yokohama FC ដល់ទៅ១៧រដូវកាលឯណោះ ពោលគឺចាប់តាំងពីឆ្នាំ ២០០៥ នៅពេលដែលលោកទើបតែមានវ័យ៣៦ឆ្នាំ។
ខណៈក្នុងក្រុមជម្រើសជាតិជប៉ុន Kazuyoshi Miura ធ្លាប់ជាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ ២០០០ ដោយរូបគេបានបង្ហាញខ្លួនសរុប ៨៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ ហើយខ្សែប្រយុទ្ធវ័យ៥៥ឆ្នាំរូបនេះក៏ធ្លាប់លេងឲ្យជម្រើសជាតិជប៉ុន Futsal ផងដែរ ដោយបង្ហាញខ្លួនបាន ៦ប្រកួត និងរកបាន ១គ្រាប់។

គួរដឹងថាកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ខ្សែប្រយុទ្ធ Kazuyoshi Miura បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាកីឡាករវ័យចំណាស់ជាងគេដែលអាចស៊ុតបាល់បញ្ចូលទីក្នុងក្របខណ្ឌបាល់ទាត់អាជីពរបស់ប្រទេសជប៉ុន ឱ្យក្លិបបាល់ទាត់ Suzuka Point Getters ក្នុងវ័យ៥៥ឆ្នាំ និង២៤៦ថ្ងៃ។
បច្ចុប្បន្ន Kazuyoshi Miura កំពុងប្រកបអាជីបនៅក្លិបបាល់ទាត់ Atletico Suzuka សមាជិកលីគទី៤ របស់ជប៉ុន Japan Football League បង្ហាញខ្លួនបាន ១២ប្រកួត៕



