ក្រោយបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា និងសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ប្រជាជនថៃ និងគណបក្សនយោបាយថៃមួយចំនួន បានបង្ខំឱ្យលោកស្រីលាលែងពីតំណែង។

ជាក់ស្ដែងមានគណបក្សប្រឆាំងចំនួន២ – គណបក្សចម្រុះរដ្ឋាភិបាលចំនួន១ – គណៈកម្មាធិការពិសេសស្ដីពីកិច្ចការពារជាតិ និងសន្ដិសុខរដ្ឋនៃព្រឹទ្ធសភាថៃ រួមទាំងប្រជាជនថៃ បានបង្ខំឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា លាលែងពីតំណែង

កាលពីថ្ងៃពុធ សប្ដាហ៍នេះ គណបក្សភូមិចៃថៃ បានប្រកាសដើរចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ រួមទាំងអំពាវនាវឱ្យនាយករដ្ឋមន្រ្តីថៃ ទទួលខុសត្រូវលើកិច្ចសន្ទនាតាមទូរស័ព្ទដែលបែកធ្លាយ ដោយបង្កផលប៉ះពាល់ដល់អធិបតេយ្យ បូរណភាពទឹកដី និងយោធាថៃ។

ដោយឡែកគណបក្សប្រឆាំងចំនួន២ ដូចជា គណបក្សផាឡាង ប្រាឆារ៉ាត់ និងគណបក្ស People’s Party ក៏បានចេញមកបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាព និងការអនុវត្តគោលនយោបាយសន្ដិសុខក្នុងស្រុក ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទន់ខ្សោយ កង្វះបទពិសោធន៍ និងខ្វះជំនាញក្នុងការចរចាទាក់ទងនឹងជម្លោះព្រំដែនប្រទេសថៃ-កម្ពុជា។ គណបក្សទាំង២ ឈរខាងជនជាតិថៃគ្រប់រូប ទាហានថៃគ្រប់គ្នា នៅលើទឹកដីថៃដែលមានព្រះមហាក្សត្រជាព្រះប្រមុខ។

ទន្ទឹមនោះ គណៈកម្មាធិការពិសេសស្តីពីកិច្ចការការពារជាតិ និងសន្តិសុខរដ្ឋ នៃព្រឹទ្ធសភាថៃ ដែលដឹកនាំដោយលោក Mongkol Surassajja ជាប្រធានព្រឹទ្ធសភា បានប្រកាសថានឹងរៀបចំដំណើរការនីតិវិធី ដើម្បីពិចារណាលើការដាក់សំណើឱ្យលោកស្រី ផែថងថាន ស៊ីនណាវ៉ាត្រ លាលែងពេញពីតំណែង។ ក្នុងនោះគណៈរដ្ឋមន្ត្រីថៃនឹងបង្ហាញអង្គហេតុ រួមទាំងពន្យល់ពីបញ្ហាសំខាន់ៗទាក់ទងនឹង បញ្ហាការគ្រប់គ្រងប្រទេស បញ្ហាស្ថានភាពអស្ថេរភាព បញ្ហាព្រំដែនថៃ-កម្ពុជា បញ្ហាសេដ្ឋកិច្ច និងបញ្ហាគ្រោះមហន្តរាយធម្មជាតិ នៅចំពោះមុខគណៈកម្មាធិការកិច្ចការព្រឹទ្ធសភា។ គណៈកម្មាធិការបានវាយតម្លៃថា សារសំឡេងសន្ទនារបស់លោកស្រី ផែថងថាន និងសម្ដេច ហ៊ុន សែន បានបង្កផលប៉ះពាល់ដល់សន្តិសុខជាតិផងដែរ៕

ប្រភព៖ Khaosod , Thairath, The Nation, Thai PBS , Komchadluek

Share.