អន្តរជាតិ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ថៃមួយនាពេលថ្មីៗនេះឱ្យដឹងថា គណបក្សកម្លាំងប្រជាពលរដ្ឋ មានការព្រួយបារម្ភចំពោះស្ថានការណ៍ និងការអនុវត្តគោលនយោបាយទាក់ទងនឹងសន្តិសុខជាតិ ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី ដែលបានបង្ហាញឱ្យឃើញច្បាស់នូវភាពទន់ខ្សោយ ខ្វះបទពិសោធន៍ និងជំនាញក្នុងការចរចា ក្នុងការដោះស្រាយជម្លោះរវាងថៃ និងកម្ពុជា ដែលបណ្តាលឱ្យប៉ះពាល់ដល់ទំនុកចិត្តលើការគ្រប់គ្រងរដ្ឋបាលជាតិ និងចំពោះប្រជាជន ព្រមទាំងបណ្តាប្រទេសដែលមានអរិយធម៌។

ការប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការចរចា បានបង្កឱ្យមានហានិភ័យដល់ប្រទេស ព្រមជាមួយនឹងការប្រើពាក្យសម្តីដែលបង្អាប់កិត្តិយសកងកម្លាំងសន្តិសុខជាតិ ដែលបានការពារ និងរក្សាអធិបតេយ្យភាពជូនប្រជាជនថៃដោយការលំបាក។ ដូច្នេះ យើងគិតថា នាយករដ្ឋមន្ត្រីគួរតែប្រកាសលាលែងពីតំណែង ដើម្បីបង្ហាញការទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតឡើង។
ក្នុងនាមខ្ញុំជាអ្នកធ្វើការងារផ្នែកសន្តិសុខពេញមួយជីវិត ដូចដែលខ្ញុំធ្លាប់បានថ្លែងក្នុងការជជែកដេញដោលមិនទុកចិត្តនៅក្នុងសភា ថា ការងារផ្នែកសន្តិសុខជាតិមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារចំណេះដឹង និងការយល់ដឹងជាច្រើនទិដ្ឋភាព។ ការធ្វើជាអ្នកដឹកនាំដែលគ្មានបទពិសោធន៍ផ្នែកសន្តិសុខជាតិ មិនមែនជាវេទិកាសម្រាប់អ្នកស្ម័គ្រចិត្តមកហាត់សមនោះទេ ហើយទីបំផុតក៏បានកើតមានរឿងរ៉ាវដែលធ្វើឱ្យឈឺចាប់ដល់អារម្មណ៍ប្រជាជនថៃទាំងមូល។ នេះជាភស្តុតាងបញ្ជាក់ថា ប្រទេសថៃមានអ្នកដឹកនាំដែលនឹងនាំប្រទេសថៃទៅរកភាពអន់ខ្សោយ និងបាត់បង់អត្ថប្រយោជន៍ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ខ្ញុំសូមឈរជាមួយជនជាតិថៃគ្រប់រូប ទាហានថៃគ្រប់គ្នា នៅលើទឹកដីថៃដែលមានព្រះមហាក្សត្រជាព្រះប្រមុខ។ ទឹកដីថៃត្រូវតែជារបស់ជនជាតិថៃ ហើយមិនត្រូវអនុញ្ញាតឱ្យនរណាមកឈ្លានពានជាដាច់ខាត។ សេចក្ដីថ្លែងការពីបក្ស កម្លាំងប្រជាពលរដ្ឋ របស់លោក ប្រាវីត វង្សសុវណ្ណ (អតីត មេយោធា និងជាអតីត ឧប ជំនាន់រដ្ឋបាល លោកប្រាយុទ្ធ ចាន់អូចា)។

អ្វីដែលគួរឱ្យកត់សម្គាល់ ចំពោះការប្រេះឆាផ្ទៃក្នុងថៃ គឺ សូម្បីតែគណបក្ស ភូមិចៃថៃ ដែលជាបក្សរដ្ឋបាលចម្រុះ ក៏ប្រកាសថាដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះថៃ ផងដែរ ដោយបានប្រកាសថា ដាក់លិខិតនៅព្រឹកថ្ងៃព្រហស្បតតិ៍ទី ១៩ ខែមិថុនា នេះ៕

