យោងតាមកាសែតថៃ (ខុមឆាតលឿក) komchadluek បានចេញផ្សាយនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា មិនលាលែងពីតំណែងជានាយករដ្ឋមន្រ្តីរបស់ថៃនោះទេ ហើយថែមទាំងអំពាវនាវឱ្យទាំងរដ្ឋាភិបាល យោធា និងពលរដ្ឋថៃ ត្រូវរួមដៃ និងសាមគ្គីគ្នា។

លោកស្រី នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា នេះមិនមែនជារឿងតូចតាចទេ ហើយឥឡូវនេះ ក៏មិនមែនជាពេលវេលាដែលយើងត្រូវឈ្លោះគ្នាឯងនោះដែរ។

លោកស្រី បន្ដថា រដ្ឋាភិបាលរបស់លោកស្រីនៅតែរួបរួមជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារបូរណភាពទឹកដី។ លោកស្រី អះអាងថា បានទទួលកំហុសចំពោះការចោទប្រកាន់លើមេទ័ពភូមិភាគទី២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង និងបានជជែកគ្នារួចហើយ ដោយលោកមេទ័ព បានអធ្យាស្រ័យឱ្យលោកស្រីរួចហើយដែរ។

ការលើកឡើងរបស់លោកស្រី ផែថងថាន កើតមានឡើង បន្ទាប់ពីគណបក្សនយោបាយនៅក្នុងប្រទេសថៃ បង្ខំឱ្យលោកស្រីលាលែងពីតំណែង ជុំវិញការបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕

