ភ្នំពេញ – នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងពិធីបើកវេទិកាវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើជំរឿនមន្រ្តីរាជការ» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាង ៦០០នាក់។

ក្នុងវេទិកានោះ ឯកឧត្តមបានលើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺជាបេសកកម្មបន្តពីថ្នាក់ដឹកនាំជំនាន់មុន តាំងពីយុទ្ធសាស្ត្រត្រីកោណ ចតុកោណ រហូតដល់បញ្ចកោណ ដោយកែលម្អស្របសម័យនៃការអភិវឌ្ឍន៍។ រដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ការកែទម្រង់ និងអភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីបង្កើតរដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការសង្គម។

ដើម្បីជំរុញការអភិវឌ្ឍន៍នេះ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានបង្កើតឡើង ដោយមានសម្តេចមហាបវរធិបតី ជាប្រធាន និងក្រសួងមុខងារសាធារណៈជាអនុប្រធានប្រចាំការ។ វិធានការគន្លឹះ ៣ ត្រូវបានកំណត់អាទិភាពដូចខាងក្រោម៖

  1. ប្រព័ន្ធជ្រើសរើសមន្រ្តីប្រកបដោយតម្លាភាព និងយុត្តិធម៌
    ក្រសួងបានរៀបចំការប្រឡងជ្រើសរើសមន្រ្តី ៩ដង ស្មើនឹង ៤៤ជំនាន់ ជ្រើសបានមន្រ្តី ៤,២០៣នាក់។ ការប្រឡងបានទទួលការសរសើរពីមជ្ឈដ្ឋាននានា ព្រោះបានអនុវត្តគោលនយោបាយ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
  2. ការពង្រឹងសមត្ថភាពស្ថាប័ន និងបុគ្គលិក
    ការពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធបានអនុវត្តនៅក្រសួង-ស្ថាប័នចំនួន ៣១ ដោយផ្អែកលើគោលការណ៍ «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ»។ ដូច្នេះ ការងារនេះមិនមែនជាការកាត់បន្ថយមនុស្សធន់ឡើយ ប៉ុន្តែគឺជាការលើកកម្ពស់ប្រសិទ្ធភាព។
  3. ប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម
    ក្រសួងបានរៀបចំអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តថ្មី ដើម្បីជំរុញមន្រ្តីឱ្យសកម្មក្នុងការអនុវត្តកំណែទម្រង់ ដោយផ្ដល់លទ្ធភាពគាំទ្រដល់ថវិកា និងការគោរពសមិទ្ធកម្មយ៉ាងច្បាស់លាស់។

គួរបញ្ជាក់ដែរថា វិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» រយៈពេលមួយថ្ងៃពេញ រៀបចំឡើងក្នុងគោលបំណងដើម្បី (១)ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារដែលសម្រេចបាន ក្នុងការអនុវត្តការងារកំណែទម្រង់ដែលសម្រេចបាន ជម្រាបជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ (២)ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែមលើ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ផលជះនានា វិធានការដំណោះស្រាយ និងសំណូមពរការងារផ្សេងៗ (៣)តម្រង់ទិសការងារឆ្ពោះទៅមុខ ដើម្បីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឈរលើស្មារតី មូលដ្ឋានដូចគ្នា អនុវត្តការងារកាន់តែស្រុះគ្នា និងស៊ីសង្វាក់គ្នា៕

ប្រភព៖ក្រសួងមុខងារសាធារណៈ

Share.