ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងក្រុមហ៊ុនណាហ្គាវើលដ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កិច្ចសហការនេះជាការផ្សំបញ្ចូលចំណេះដឹង បច្ចេកទេស និងធនធានពីភាគីទាំងពីរ ដែលនឹងជួយជំរុញឱ្យការងារអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងបរិស្ថាន និងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ មានប្រសិទ្ធភាពកាន់តែខ្ពស់ និងឆ្លើយតបនឹងគោលនយោបាយអភិរក្សបៃតងប្រកបដោយចីរភាព។

លោក ចាប វិបុល ប្រធានអង្គការ WWF–កម្ពុជា បានបញ្ជាក់ថា MoU ថ្មីនេះ គឺជាឧបករណ៍សំខាន់សម្រាប់ពង្រឹងសមិទ្ធផលការងារដែលមានស្រាប់ ដោយផ្តោតលើការត្រួតពិនិត្យ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តការងារ និងជំនួយការរក្សាជីវៈចម្រុះ ដែលមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន។
ស្របគ្នានេះ លោក Chen Yepern នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះជាសក្ខីភាពនៃការចូលរួមរវាងវិស័យរដ្ឋ អង្គការដៃគូ និងវិស័យឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហាសកម្មភាពបរិស្ថាន។ លោកជឿជាក់ថា កិច្ច MoU នេះនឹងជួយបណ្តុះផ្នត់គំនិតបៃតង និងលើកកម្ពស់ការចូលរួមសាធារណៈក្នុងការរក្សា និងពង្រីកទំហំព្រៃឈើជាតិ និងធនធានធម្មជាតិផ្សេងៗ។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានសរសើរ និងថ្លែងអំណរគុណដល់អង្គការដៃគូ និងវិស័យឯកជនចំពោះការចូលរួមសកម្មក្នុងការអនុវត្តន៍យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាល ដែលផ្តោតទៅលើ “ភាពស្អាត ភាពបៃតង និងចីរភាព”៕


