បាងកក៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាលរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ នេះ ដោយទាមទារឱ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា លាលែងពីដំណែងជុំវិញការបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ដែលបញ្ហានេះបានបង្កឱ្យមានការផ្ទុះកំហឹងជាសាធារណៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្រុមអាវលឿង ដែលជាក្រុមគាំទ្ររបបរាជានិយមរបស់ប្រទេសថៃ បានចោទប្រកាន់នាយករដ្ឋមន្រ្តីទី៣១ វ័យ ៣៨ឆ្នាំរូបនេះថា ខ្វះជំនាញការទូត និងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិ។

អ្នកតវ៉ារបស់ក្រុមអាវលឿងម្នាក់បាននិយាយថា «ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលបានឮសំឡេងបែកធ្លាយនោះ»។ «នាង (នាយករដ្ឋមន្រ្តីថៃ) ខ្វះជំនាញចរចា។ តើនាងគិតថា នាងជាអ្នកណា? ប្រទេសនេះមិនមែនជារបស់នាងទេ»។ ជារួម ក្រុមអ្នកតវ៉ាបាននាំគ្នាគ្រវីទង់ជាតិថៃ និងលើកស្លាកសរសេរថា «ផែថងថាន ជាជនក្បត់»។ ពួកគេបានស្រែកតវ៉ាពីមុខប៉ូលីសបង្រ្កាបកុបកម្ម ថា «ចុះចេញទៅ! ទៅឋាននរកទៅ!»។ ក្រុមបាតុករបានប្រាប់ទីភ្នាក់ងារ AFP ថា៖ «ខ្ញុំមិនបានគាំទ្រគណបក្សនយោបាយណាមួយទេ។ អ្វីដែលខ្ញុំដឹងគឺថាខ្ញុំស្អប់លោក ថាក់ស៊ីន និងគ្រួសារគាត់»។ «អ្នកនយោបាយរបស់យើងសុទ្ធតែពុករលួយ»។

រឿងអាស្រូវនេះបានធ្វើឱ្យរដ្ឋាភិបាលចម្រុះរបស់លោកស្រី ផែថងថាន មានការរង្គោះរង្គើ បន្ទាប់ពីគណបក្សភូមិចៃថៃ (Bhumjaithai) ដែលជាដៃគូសំខាន់បានប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ និងលាលែងពីតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ ដោយចោទប្រកាន់លោកស្រីពីបទធ្វើឱ្យខូចកិត្តិយសរបស់ប្រទេស និងប្រមាថដល់សេចក្តីថ្លៃថ្នូររបស់យោធា៕

