ប៉ូលីសថៃ ចាប់ខ្លួនមនុស្សចំនួន ៥៤នាក់ ដកហូតបានប្រាក់ជាង ២០០,០០០បាត និងឧបករណ៍លេងល្បែងជាច្រើនប្រភេទ អំឡុងពេលឆ្មក់ចូលឆែកឆេរទីតាំងលេងល្បែងស៊ីសងខុសច្បាប់នៅក្នុងឃ្លាំងមួយកន្លែង ក្នុងសង្កាត់ Bang Yai ខេត្ត Nonthaburi ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥។

អភិបាលខេត្ត Nonthaburi លោក Kiattisak Trongsiri បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា នៅក្នុងប្រតិបត្តិការរួមគ្នាមួយ មន្ត្រីប៉ូលិស និងអាជ្ញាធរមូលដ្ឋាន​ កាលពីថ្ងៃពុធ បានឆ្មក់ចូលឆែកឆេរទីតាំងខាងលើ ក្រោយទទួលបានការរាយការណ៍។ ទីតាំងនេះត្រូវបានហ៊ុំព័ទ្ធដោយរបងស័ង្កសីកម្ពស់ ៣ម៉ែត្រ ហើយបានជួសជុលធ្វើជាកាស៊ីណូ។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ប៉ូលីសបានឃាត់ខ្លួនជនជាតិថៃ ៤៦នាក់ និងជនចំណាកស្រុកចំនួន ៨នាក់ រួមទាំងដកហូតប្រាក់ចំនួន ២១៨,៣៤០បាតផងដែរ។

បើតាមប៉ូលីសថៃ បានឱ្យដឹងថា ជនសង្ស័យទាំងអស់ នឹងប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ រួមទាំងការចោទប្រកាន់ប្រឆាំងការលាងលុយ៕

ប្រភព៖ Bangkok Post

Share.