បាត់ដំបង÷ គិតត្រឹមរយ:ពេល៣ថ្ងៃពលករខ្មែរនាំគ្នាចេញពីប្រទេសថៃ វិលត្រឡប់មកប្រទេសកំណើតជាង ៤០០០នាក់ឆ្លងកាត់តាមច្រកទ្វារតំបន់ព្រំដែនទាំង ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

លោក សឿម ប៊ុន រឹទ្ធ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ ចំពោះមុខនេះស្ថានភាពច្រកទ្វារទាំង ៥ តាមបណ្តោយតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដំណើរការបើក បិទតាមការកំណត់ជាធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយច្រកទ្វារតំបន់ព្រំដែនអន្តរជាតិដូង តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះសម្រាប់ពលករខ្មែរវិលត្រឡប់ចូលមកប្រទសកម្ពុជាយើងវិញ រីឯច្រកទ្វារតំបន់ព្រំដែនអន្តរជាតិភ្នំដី ( គីឡូលេខ ១៣ និងច្រកទ្វារតំបន់ចំនួន ៣ទៀតក្នុងស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកសំឡូត ) នៅរក្សាការបើកបិទតាមការកំណត់ថ្មីដដែល ដោយពេលព្រឹកបើកដំណើរការចាប់ពីម៉ោង ៩:០០នាទី និងបិទនៅវេលាម៉ោង ៤:០០នាទីរសៀល តែហាមឃាត់ទំនិញបន្លែ ផ្លែឈើគ្រប់ប្រភេទមិនត្រូវបានអនុញ្ញាតិឲ្យនាំចូលឡើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុន រឹទ្ធ បានអះអាងបន្ថែមថា÷ ក្រោយបញ្ហាបានកើតឡើងពលករខ្មែរបាននាំគ្នាចាកចេញពីប្រទេសថៃ ហើយវិលត្រឡប់ចូលមកប្រទេសកំណើតវិញ នៅថ្ងៃទី ១៧ ខែមិថុនា មានចំនួន ១.៧៩៣នាក់ ស្រី ៧៨៨នាក់, នៅថ្ងៃទី ១៨ ខែមិថុនា មានចំនួន ១.២៣៩នាក់ ស្រី ៥៥១នាក់ និងនៅថ្ងៃទី ១៩ ខែមិថុនា ពលករខ្មែរមានចំនួន ១.០៧០នាក់ ស្រី៤៩២នាក់ សរុបចំនួន៣ថ្ងៃ មានពលករខ្មែ ៤.១០២នាក់បានចាកចេញពីប្រទេសថៃ៕
អត្ថបទ: ដំបងក្រញូង

