សារព័ត៌មាន CNA បានចេញផ្សាយវីដេអូឯកសាររមួយកាលពីថ្ងៃទី១៩ ខែមិថុនា នេះ ដោយបានទម្លាយពីវិបត្តិនៃការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបង្ហាញថា ថៃ ជាមជ្ឈមណ្ឌលជួញដូរដ៏ធំបំផុត ដោយជនរងគ្រោះជាច្រើនត្រូវបានបង្ខំឱ្យធ្វើការឱ្យពួកឧក្រិដ្ឋជនឆបោកតាមអនឡាញ (Cyber-crime) ។

យោងតាមវីដេអូឯកសាររយៈពេល ៤៥នាទីរបស់ CNA បានបង្ហាញថា ប្រទេសថៃ ជាទីតាំងចែកចាយ ឬ ជួញដូរ និងធ្វើទារុណកម្មលើរាងកាយជនរងគ្រោះជាច្រើន បង្ខំឱ្យទៅធ្វើការជាមួយឧក្រិដ្ឋជនតាមអនឡាញ។

ទូរទស្សន៍សិង្ហបុរី នេះ បានបង្ហាញថា ប្រទេសថៃ គឺជាចំណុចឆ្លងកាត់ដ៏ពេញនិយមមួយសម្រាប់ការជួញដូរចែកចាយមនុស្សទៅកាន់មណ្ឌលឆបោកនៅប្រទេសផ្សេង។ មនុស្សយ៉ាងហោចណាស់ ២០០,០០០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការឱ្យពួកឧក្រិដ្ឋជនឆបោកនៅមីយ៉ាន់ម៉ា ប៉ុន្ដែក៏មានប្រតិបត្តិការឆបោកក្នុងប្រទេសឡាវ ម៉ាឡេស៊ី និងហ្វីលីពីនផងដែរ។

Xiao Hao ជាជនរងគ្រោះម្នាក់បានរៀបរាប់យ៉ាងដូច្នេះថា «បន្ទាប់ពីខ្ញុំបានបង្ហោះព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដើម្បីស្វែងរកការងាររនៅលើគេហទំព័រជ្រើសរើសនាវិកមួយរួច មាននរណាម្នាក់ទាក់ទងមកខ្ញុំ ដោយប្រាប់ថា ឈ្មោះ Zhang មកពីក្រុមហ៊ុនដឹកជញ្ជូន គេបានប្រាប់ខ្ញុំថា គេមានកប៉ាល់ធំមួយចូលចតនៅកំពង់ផែប្រទេសថៃ។ ពេលនោះ ខ្ញុំបានជឿគេដោយមិនមានការសង្ស័យអ្វីទាំងអស់ ដោយគេបានសន្យាថា ឱ្យប្រាក់ខែ ១ខែ ៧០០០យ័ន (ស្មើនឹង៩៧០ដុល្លារ)»។ ​

បន្ទាប់ពីព្រមទទួលធ្វើការងារនេះ Xiao Hao បានធ្វើដំណើរតាមយន្ដហោះមកប្រទេសថៃ។ ទោះបីជាកាលពីដំបូងគេបានប្រាប់ថា កប៉ាល់នោះចូលចតនៅកំពង់ផែក្រុងបាងកកក៏ដោយ ក៏ក្រុមហ៊ុនបានទិញសំបុត្រឱ្យធ្វើដំណើរបន្ដមកឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ ដែលមានចម្ងាយជាង ៧០០គីឡូម៉ែត្រពីកំពង់ផែ។ នៅពេលមកដល់អាកាសយានដ្ឋានឈៀងម៉ៃ មានរថយន្ដមួយគ្រឿងមកទទួលគាត់ ហើយគាត់ចាប់ផ្ដើមមានអារម្មណ៍សង្ស័យ។ គេបានបញ្ជូនគាត់មកកន្លែងមួយ ដើម្បីធ្វើការដូចជា ការឆបោក គាត់បានឃើញជនរងគ្រោះជាច្រើនត្រូវបានគេធ្វើទារុណកម្ម និងបង្ខំឱ្យធ្វើការឆបោកដូចជា ការហៅទូរស័ព្ទ ផ្ញើសារបញ្ជូន Linked ការបោកប្រាស់វិនិយោគ និងការឆបោកលើរូបភាពស្នេហា៕

ដើម្បីដឹងលម្អិត សូមចូលទស្សនាតាមរយៈ Linked វីដេអូនេះបន្ថែម https://www.channelnewsasia.com/watch/insight-20252026/southeast-asias-scam-empire-5191396

ប្រភព៖ CNA

Share.