សៀមរាប៖ ការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah ខេត្តបុរីរម្យ ប្រទេសថៃ ដោយប្រើគំរូរចនាបទស្ទើរតែដូចអង្គរវត្ត គឺជាការចម្លងជាក់ស្តែងបែបវប្បធម៌ ហើយក៏ជាការបំពានយ៉ាងធ្ងន់លើអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
នេះបើតាមលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានលើកឡើងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក។




រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបន្តថា ការចម្លងបែបនេះ គឺជាការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ៕



