អន្តរជាតិ៖ តាមការចេញផ្សាយដោយសារព័ត៌មាន Thairath បានឱ្យដឹងថា ប៉ូលិសនៅខេត្ត សារ៉ាក់បុរី បានរកឃើញថ្នាំញៀនមេតំហ្វេតាមីន ៣.២លានគ្រាប់រថយន្តប្រភេទ SUV ពណ៌ក្រហម ខណៈដែលរថយន្តមួយនេះកំពុងមានគ្រោះថ្នាក់នៅតំបន់ជើងភ្នំមួយកន្លែងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥។

លោកវរសេនីយ៍ទោ អាម៉នរ៉ាស៊ីន មៈនីស៊ិរី អធិការរងផែនស៊ើបអង្កេត នៃប៉ុស្តិ៍នគរបាល ណាប្រាក់លាន ស្រុក ឆាលើមប្រាក់កៀត ខេត្ត សារ៉ាក់បុរី បានរាយការណ៍ថា រថយន្តគ្រោះថ្នាក់ខាងលើនេះគឺម៉ូដែល Chevrolet Trailblazer SUV ពណ៌ក្រហម ដោយអំឡុងពេលកំពុងបើកបរ ម្ចាស់រថយន្តហាក់មានសភាពបាត់បង់ស្មារតីម្ចាស់ការ និងបើកបរមិនប្រកាន់ឆ្វេង បណ្ដាលឱ្យរថយន្តជ្រុលចង្កូតទៅបុកនឹងជម្រាលជើងភ្នំបង្កជាហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ជាមួយហេតុការណ៍នេះ ប៉ូលិសថៃបានចុះឆែកឆេរថយន្តក៏ប្រទះឃើញថ្នាំញៀនមេតំហ្វេតាមីន ៣.២លានគ្រាប់ដែលមានតម្លៃប្រមាណ១៣៦លានបាត ត្រូវបានលាក់ទុកនៅក្នុងប៉ាវធំមួយដែលគ្របដោយក្រណាត់ពណ៌សដើម្បីបំភាន់ភ្នែក និងបានរកឃើញកាំភ្លើងចំនួន ២ ដើម ត្រូវបានប៉ូលិសថៃប្រមូលធ្វើជាវត្ថុតាង។ ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។

យ៉ាងណាមិញ ប៉ូលិសថៃបានធ្វើកំណត់ហេតុនិងស្វែងរកបណ្ដាញចែកចាយគ្រឿងញៀននៅក្នុងតំបន់ ដោយប្រមូលភ័ស្តុតាងភិនភាគជនល្មើសដើម្បីតាមចាប់ខ្លួន។ ចំពោះរថយន្ត និងវត្ថុតាងទាំងអស់ ត្រូវបានស្ទូចប្រមូលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុកខេត្ត សារ៉ាក់បុរី ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់៕

