ព្រះសីហនុ÷ នៅថ្ងៃទី២៣ ខែមិថុនា ២០២៥នេះ សមត្ថកិច្ចក្រុងព្រះសីហនុកំពុងបន្តស្វែងរកស្ត្រីម្នាក់ បន្ទាប់ប្តីរបស់ស្ត្រីរងគ្រោះបានមកអះអាង បានបាត់ខ្លួនខណៈជិះម៉ូតូចំផ្លូវបាក់ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅជិតតំបន់ទឹកធ្លាក់ក្បាលឆាយ ដោយបន្សល់ទុកតែម៉ូតូមិនឃើញមនុស្ស។

តាមនាយប៉ុស៍រដ្ឋបាលសង្កាត់លេខ១ បានឱ្យដឹង​នៅព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៥នេះថា ជំនន់ទឹកភ្លៀងបានវាយផ្តាច់ផ្លូវចូលទៅរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្នុងនោះមានម៉ូតូមួយគ្រឿង និងស្ត្រីម្នាក់បានបាត់ខ្លួនហូរតាមទឹក មកទល់នឹងព្រឹកថ្ងៃដ៏ដែលនេះ សមត្ថកិច្ចរកឃើញតែម៉ូតូ ប៉ុន្តែស្ត្រីម្នាក់ដែលបាត់ខ្លួនតាមទឹកហូរនោះរកពុំទាន់ឃើញនៅឡើយ។

ស្រ្តីរងគ្រោះមានឈ្មោះ ទ្រី ផល្លី អាយុប្រហែល ៣០ឆ្នាំ ជាចុងភៅនៅភោជនីយដ្ឋានមួយក្នុងសង្កាត់ ៤ ក្រុងព្រះសីហនុ ជិះម៉ូតូម៉ាក Suzuki Smash គ្មានផ្លាកលេខ ត្រូវបានប្តីជនរងគ្រោះសង្ស័យថា ស្ត្រីរងគ្រោះអាចចេញពីធ្វើការត្រឡប់មកផ្ទះវិញ បើកម៉ូតូឆ្លងកាត់ចំពេលបាក់ផ្លូវ បណ្តាលឱ្យទឹកហូរកួចនាំទៅបាត់។ ប៉ុន្តែពេលនោះគាត់មិនបានចាប់អារម្មណ៍នោះទេដោយគិតថា ប្រពន្ធរបស់គាត់ស្នាក់នៅផ្ទះមិត្តភក្តិបងប្អូន ហើយទូរសព្ទមិនចូលដោយសារអស់ថ្ម។

លុះព្រឹកថ្ងៃឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបានប្រទះឃើញម៉ូតូរបស់ស្ត្រីរងគ្រោះ ទើបគាត់សន្មត់ថា ប្រពន្ធរបស់ខ្លួនពិតជាត្រូវបានទឹកកួច ខណៈពេលកំពុងធ្វើដំណើរត្រឡប់មកផ្ទះហើយត្រូវបានបាក់ទំនប់កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ។ បច្ចុបន្ន កម្លាំងសម្ថកិច្ចកំពង់បន្តស្វែងរក ស្រ្តីរងគ្រោះ ដែលគេសង្ស័យថា ត្រូវបានទឹកកួចយកទៅបាត់នៅផ្លូវចូលទៅរមណីដ្ឋានទឹកធ្លាក់ក្បាលឆាយ។

សុំបញ្ជាក់ថា ហេតុការណ៍បាក់ដាច់ផ្លូវចូលទៅរមណីដ្ឋានក្បាលឆាយនេះ មានបណ្តោយផ្លូវប្រវែងជាង២០ម៉ែត្រ កើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកការចូលកម្សាន្តនៅតំបន់ក្បាលឆាយជាបណ្តោះអាសន្ន ដោយសារទឹកហូរដាច់ផ្លូវ។

អត្ថបទ៖ ឈុន គឹមហៃ

Share.