ពោធិ៍សាត់៖ សមិទ្ធផលថ្មីស្ពានបេតុងខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់ផ្លូវជាតិលេខ ១០ ឆ្លងកាត់ជ្រលងភ្នំវែងអន្លាយមាននាមថា តេជោសន្តិភាពឬស្សីជ្រុំ មិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់មធ្យោបាយធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលកំពុងបង្អួតខ្លួននៅកណ្ដាលព្រៃភ្នំ អន្ទងចិត្តភ្ញៀវទេសចរណ៍ពីគ្រប់ទិសទីឱ្យទៅទស្សនាកំសាន្តជារៀងរាល់ថ្ងៃដោយមិនជិនណាយ។

បើតាមឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ស្ពានទី២៨ លើគម្រោងផ្លូវជាតិលេខ១០ មានទទឹង ១០ម៉ែត្រ បណ្ដោយប្រវែង ៥៣៧ម៉ែត្រ និងរយៈកម្ពស់ ៩០ម៉ែត្រ ជាស្ពានមានកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា ឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ដែលថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត សម្រេចប្រសិទ្ធនាមស្ពានតេជោសន្តិភាពឬស្សីជ្រុំ តភ្ជាប់ភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង ស្រុកវាលវែងខេត្តពោធិ៍សាត់ ឆ្ពោះទៅខេត្តកោះកុង។
សមិទ្ធផលទាំងអស់នេះជាសមិទ្ធផលប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ក្នុងចំណោមសមិទ្ធផលតូចធំនានាដែលបាននឹងកំពុងអភិវឌ្ឍន៍ស្ទើរគ្រាប់ដណ្ដប់លើផ្ទៃប្រទេសក្រោមម្លប់សន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មានសន្តិភាព គឺមានអ្វីៗទាំងអស់ប្រជាពលរដ្ឋរស់នៅដោយភាពសុខដុមរមនា។

ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលថ្មីខាងលើនេះគឺជា ផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញខឿនសេដ្ឋកិច្ចជាតិក៏ដូចជាការជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋតាមរយៈមធ្យោបាយធ្វើដំណើរទៅតាមតម្រូវការ ដឹកជញ្ជូនទំនិញផ្សេងៗ ទៅកាន់គោលដៅឆាប់រហ័សកាត់បន្ថយទាំងពេលវេលា និងថវិកា ជួយលើកកម្ពស់វិស័យទេសចរណ៍ដែលបងប្អូនធ្វើដំណើរតាមផ្លូវច្បាស់ណាស់ពិតជានឹងគយគន់សម្រស់ធម្មជាតិដ៏សំបូរបែប រហូតដល់ឈប់ចតនៅគល់ស្ពានដែលខ្ពស់ជាងគេជាពិសេស ដើម្បីស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ផ្ដិតយករូបភាព ជាមួយនឹងទេសភាពដ៏អស្ចារ្យពោរពេញដោយធនធានធម្មជាតិដ៏ស្រស់បំព្រងដោយមិនចេះជិនណាយ។

ជាក់ស្ដែងកាលពីចុងសប្តាហ៍នេះ មានបងប្អូនភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាក្រុមគ្រួសារ ក្រុមមិត្តភក្កិ នាំគ្នាទៅទស្សនាកំសាន្តយ៉ាងរីករាយបំបាត់អស់នៅទុក្ខកង្វល់ផ្សេងៗ ក្រោមការទទួលស្វាគមន៍យ៉ាងរាក់ទាក់ស្និទ្ធស្នាលបំផុតពីសំណាក់ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ ដែលឆ្លៀតពេលមមាញឹកដឹកនាំក្រុមការងារដាំដើមក្ងោកលម្អដងផ្លូវបន្ថែមសម្រស់ពីលើធនធានធម្មជាតិដែលមានស្រាប់។

សូមបញ្ជាក់ថា ស្ពានតេជោសន្តិភាពឬស្សីជ្រុំ មានភូមិសាស្រ្ដស្ថិតក្នុងភូមិឆាយលួក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់

