កោះកុង ៖ ប្រធានការិយាល័យអប់រំស្រុកគិរីសាគរម្នាក់ ក្រោយបាត់ខ្លួនដោយសារទឹកហូរដាច់ផ្លូវប៉ើងបាត់តាមទឹក កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ស្វែងរកភ្លាមៗតែមិនឃើញ ទើបតែនៅវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងស្វែងរកឃើញហើយ ត្រង់ចំណុច អូរយាយផាត ចម្ងាយពីអូរតាម៉ាន់ប្រហែល ៥00 ម៉ែត្រ ភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។



ជនរងគ្រោះមានឈ្មោះ ជីប សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ជាប្រធានការិយាល័យអប់រំស្រុក គិរីសាគរ រស់នៅ ឃុំខាងលើ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរវិលត្រឡប់ទៅលំនៅដ្ឋាន ស្របពេលដែលមេឃធ្លាក់ភ្លៀងខ្លាំង គាប់ជួនទឹកហូរខ្លាំង ច្រោះបាក់ផ្លូវចូលភូមិ ប្រវែង៦ម៉ែត្រ ប៉ើងជនរងគ្រោះតាមទឹកបាត់ ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច អ្នកភូមិ តាមស្វែងរកតែមិនឃើញ ទើបនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រទះឃើញសពជនរងគ្រោះ ប៉ើងតាមទឹកជាង៥០០ម៉ែត្រ ។

ក្រោយពីរកឃើញសាកសព សមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕




អត្ថបទ÷តាតុងសែនជ័យ
