ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមជម្រើសជាតិនារីកោះហ្គាំ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ វេលាម៉ោង ៧:០០នាទីយប់។

ការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមនារីកម្ពុជានេះដែរ គឺជាលើកដំបូងក្រោយធ្វើការប្រមូលផ្ដុំ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់ ASEAN Women’s MSIG Serenity Cup 2025 ដោយក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group A ជាមួយក្រុមជម្រើសជាតិថៃ, វៀតណាម និងឥណ្ឌូណេស៊ី។


ការប្រកួតពានរង្វាន់ផ្នែកនារីកម្រិតទ្វីប ASEAN Women’s MSIG Serenity Cup 2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាយហ្វុង ប្រទេសវៀតណាម។

ពានរង្វាន់បាល់ទាត់ផ្នែកនារី ASEAN Women’s Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមជម្រើសជាតិនារី ថៃ ឈ្នះច្រើនជាងគេ ចំនួន៤លើក, វៀតណាម ឈ្នះចំនួន ៣លើក, មីយ៉ាន់ម៉ា ឈ្នះចំនួន ២លើក, អូស្ត្រាលី U23, ជប៉ុន U23 និងហ្វីលីន ឈ្នះ១លើកដូចគ្នា ចំណែកឯប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ គឺវៀតណាម៕


