គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បានឯកភាពជាឯកច្ឆ័ន្ទក្នុងការចាប់ផ្ដើមបើកការស៊ើបអង្កេតលើករណីបែកធ្លាយការសន្ទនារវាងលោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីកន្លងទៅថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

គណៈកម្មាការ NACC ជឿថា ខ្លឹមសារនៃការសន្ទនានោះ អាចបង្កើតជាការបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ជាពិសេសទាក់ទងនឹងការកត់សម្គាល់នឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។
យ៉ាងណាគណៈកម្មាការ NACC បានកំណត់រយៈពេល ១០ថ្ងៃដើម្បីបើកការស៊ើបអង្កេតបឋម ដោយរួមបញ្ជូលទាំងការបកប្រែយ៉ាងត្រឹមត្រូវនូវសំឡេងពីភាសាខ្មែរទៅភាសាថៃ ការសាកសួរសាក្សីដែលពាក់ព័ន្ធ និងពិនិត្យមើលច្បាប់ជាធរមាន។

ការស៊ើបអង្កេតនេះក៏យោងទៅលើសេចក្ដីសម្រេចរបស់តុលាការធម្មនុញ្ញពីមុនដែរ ប្រសិនបើរកឃើញថា មានកំហុសដូចមានចែងមែននោះ លោកស្រី ផែថងថាន ក៏ប្រឈមនឹងការដកហូតតំណែងដូចអតីតនាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៊ីន ដូចគ្នា។

លើសពីនេះ គណៈកម្មការនឹងពិនិត្យថា តើតុលាការធម្មនុញ្ញបានទទួលយកញត្តិពាក់ព័ន្ធទាក់ទងនឹងស្ថានភាពរបស់លោកស្រី ផែថងថាន រួចហើយឬនៅ។ ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញហេតុផលគ្រប់គ្រាន់ សំណុំរឿងនឹងបន្តទៅការស៊ើបអង្កេតជាផ្លូវការដោយក្រុមប្រឹក្សា NACC ហើយប្រសិនបើចាំបាច់ ការស៊ើបអង្កេតពេញលេញអាចនឹងត្រូវចាប់ផ្តើម។
បណ្ដឹងសីលធម៌ប្រឆាំងនឹងនាយករដ្ឋមន្ត្រី ត្រូវបានចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាជាច្រើនរូប ក្នុងនោះរួមមានទាំងប្រធានព្រឹទ្ធសភាលោក Mongkol Surasajja ហើយត្រូវបានដាក់ទៅ NACC រួចហើយ។ ពាក្យបណ្តឹងដូចគ្នានេះ ក៏ត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញផងដែរ ដើម្បីពិចារណាថា តើតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន គួរតែត្រូវបានបញ្ចប់ ដោយផ្អែកលើសកម្មភាពរបស់នាងនៅក្នុងការសន្ទនាដែលលេចធ្លាយនោះដែរឬទេ៕

