ភ្នំពេញ÷ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥
អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសអំពីការជួយសង្គ្រោះយុវជនម្នាក់ ជាជនជាតិចិន-ហុងកុង អាយុ ១៩ឆ្នាំ ឈ្មោះ L.W.T ដែលជាអ្នករងគ្រោះក្នុងសកម្មភាពបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ដោយក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងនៅក្រៅប្រទេស។
យោងតាមការសហការជាមួយនគរបាលសហព័ន្ធអូស្ត្រាលី សមត្ថកិច្ចកម្ពុជាបានអន្តរាគមន៍ជោគជ័យ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ រកឃើញជនរងគ្រោះនៅសណ្ឋាគារមួយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះស្ថិតនៅក្នុងសភាពធម្មតា ដោយគ្មានសញ្ញានៃការចាប់ជំរិត ឬទារុណកម្ម។




ក្រុមឧក្រិដ្ឋជនបានបោកបញ្ឆោតថា ជនរងគ្រោះកំពុងស្ថិតក្រោមការស៊ើបអង្កេតពីចិន ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់។ ពួកគេបញ្ជា L.W.T ឱ្យធ្វើដំណើរពីអូស្ត្រាលីទៅជប៉ុន និងថតវីដេអូបង្ហាញថាត្រូវបានចាប់ជំរិត ដើម្បីបញ្ជូនទៅឪពុកម្តាយ ដើម្បីជំរិតគម្រាមទារប្រាក់ ចំនួនប្រាំលានដុល្លារហុងកុង ស្មើនឹងប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីបានឃើញវីដេអូចាប់ជំរិត កូនរបស់ខ្លួន ឪពុកម្តាយរបស់ជនរងគ្រោះបានផ្ញើប្រាក់ចំនួន បួនម៉ឺនដុល្លារហុងកុង ស្មើនឹងប្រមាណ ៥,៥០០ដុល្លារអាមេរិក ទៅឱ្យក្រុមឧក្រិដ្ឋជន និងធ្វើការប្តឹងទៅសមត្ថកិច្ច។



ក្រោយមកក្រុមឧក្រិដ្ឋជនបានបញ្ជូនជនរងគ្រោះទៅកម្ពុជា នៅថ្ងៃទី ១៩ ខែមិថុនា ដើម្បីរត់គេចការតាមដាន។ ការស៊ើបអង្កេតបង្ហាញថា បណ្តាញនេះមានមូលដ្ឋាននៅប្រទេសជប៉ុន និងប្រើគណនីធនាគាររបស់ចិនសម្រាប់ទទួលប្រាក់។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបញ្ជូនត្រឡប់ទៅប្រទេសអូស្ត្រាលី តាមសំណើរផ្លូវការរបស់នគរបាលសហព័ន្ធអូស្ត្រាលី។
អគ្គស្នងការដ្ឋាននគរបាលជាតិ អំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រប់ទម្រង់នៃការបោកបញ្ឆោតតាមបណ្តាញ។ ករណីនេះបញ្ជាក់ថាក្រុមឧក្រិដ្ឋជនកំពុងអភិវឌ្ឍយុទ្ធសាស្ត្រថ្មីៗ ដើម្បីបញ្ជូនព័ត៌មានបញ្ឆោត និងបង្កការភ្ញាក់ផ្អើលក្នុងគ្រួសារ។
សមត្ថកិច្ចកម្ពុជានឹងបន្តសហការជាមួយដៃគូអន្តរជាតិ ដើម្បីបង្ក្រាបបណ្តាញនេះ និងដឹកនាំជនខុសច្បាប់ទាំងអស់មកបង់ទោសតាមច្បាប់។
