ក្រុមជម្រើសជាតិនារីកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិនារីកោះហ្គាំ ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នារាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

១គ្រាប់របស់ក្រុមនារីកម្ពុជា រកបានដោយកីឡាការិនី សឿន វីផា ដោយមានការសហការគ្នាបានយ៉ាងល្អ នៅដើមតង់ទី១ បើកការនាំមុខ និងរក្សាលទ្ធផល ១-០ រហូតដល់ចប់ការប្រកួតពេញ ៩០នាទី។
ក្រុមបាល់ទាត់នារីកម្ពុជា មានភារកិច្ចលើឆាកអន្តរជាតិ ៣ កម្មវិធីផ្សេងគ្នានៅពាក់កណ្តាលឆ្នាំ ២០២៥ រួមមាន៖
ទី១ ការប្រកួតជម្រុះជើងឯកនារីអាស៊ី AFC Women’s Asian Cup ដែលកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងពូលនាចុងខែមិថុនានេះ។
ទី២ ការប្រកួតពានរង្វាន់នារីអាស៊ាន ASEAN Women’s Championship នៅប្រទេសវៀតណាម ចាប់ពីថ្ងៃ ៦ ដល់ទី ៩ ខែសីហា
ទី ៣ ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ នាខែធ្នូ នៅប្រទេសថៃ។

ខណ:ការប្រកួតមិត្តភាពអន្តរជាតិជាមួយ ហ្គាំ ថ្ងៃទី ២៥ ខែមិថុនា នេះគឺជាការកម្តៅសាច់ដុំសម្រាប់ក្រុមនារីកម្ពុជា ត្រៀមខ្លួនប្រកួតជម្រុះ ពានរង្វាន់ AFC Women’s Asian Cup នៅថ្ងៃទី ២៩ ខែមិថុនា នៅស្តាតអូឡាំពិក៕

