ភ្នំពេញ៖ ភោជនីយដ្ឋាន «ចំការស្នេហ៍» ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញខណ្ឌសែនសុខ ចុះបង្រ្កាប់ឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់រួមទាំងសម្ភារៈមួយចំនួនដែលសង្ស័យពាក់ព័ន្ធករណីបម្រើផ្លូវភេទខុសច្បាប់។
ការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



តាមការបញ្ជាក់ពីមន្រ្តីជំនាញនាយកដ្ឋានបានឲ្យដឹងថា ភោជនីយដ្ឋាន យីហោ «ចំការស្នេហ៍» ខាងលើសង្ស័យថា មានលួចបង្កប់នៅសេវាបម្រើផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចបានដាក់កម្លាំងជំនាញ និងចូលរួមសហការជាមួយនឹងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ធ្វើការចុះបង្រ្កាបជាក់ស្តែង។



នៅពេលដែរសមត្ថកិច្ចបានចូលពិនិត្យឆែកឆេរតាមបន្ទប់ និងកញ្ចុះនីមួយៗ ប្រមូលបានសម្ភារៈមួយចំនួនធំ និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីដែលបម្រើកាងារនៅក្នុងហាងបានជាច្រើននាក់រួមទាំងម្ចាស់ហាងផងដែរ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនរួចក៏បានដឹកតាមរថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿងក្នុងនោះមានស្រីនិងប្រុសជាច្រើននាក់ ត្រូវបានបញ្ជូនយកទៅអគ្គស្នងការនគបាលជាតិដើម្បីសាកសួរបន្តទៅតាមនីតិវិធី៕
អត្ថបទ៖ សេង សាវី

