ត្បូងឃ្មុំ៖ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវលើ២ខ្សែ ប្រវែងសរុប១៦,៥០០ ម៉ែត្រ ដែលសាងសង់ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាមួយការឧបត្ថម្ភថវិកាជំពូក ៦១។

នាឱកាសនោះ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនឹងមន្រ្តីជំនាញ ក៏បានរាយការណ៍ជូនគណៈប្រតិភូអន្តរក្រសួង ទទួលជ្រាបលើការងារថែទាំផ្លូវទាំង២ខ្សែនេះ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយកចិត្តទុកដាក់ និងខិតខំបំពេញការងារថែទាំជាប់ជាប្រចាំ ក្នុងនោះលើការងារបន្ថែមល្បាយក្រួសរងារកៀរ សម្រួលថែមល្បាយក្រួស ក៏ដូចជាការងារចាក់បំពេញដីតាមជើងទេ ផងដែរ។ ជាលទ្ធផលក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗរួចមក គណៈកម្មការអន្តរក្រសួងបានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ដោយពិនិត្យឃើញថា សំណង់នៅរក្សាគុណភាព និងសោភ័ណភាពបានល្អត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ១០០ភាគរយ។



ស្ថិតក្នុងឱកាសនោះ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ បានមានប្រសាសន៍លើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ លើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ ។


លោកជំទាវ គូសបញ្ជាក់ថា ផ្លូវមានសារៈសំខាន់ណាស់ ផ្លូវ គឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមានភាពរីកចម្រើន ។


ទន្ទឹមគ្នានេះ លោកជំទាវក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ទាំងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្រ្តីបច្ចេកទេស ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារស្ថាបនា ដោយរក្សាបាននូវគុណភាពល្អប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ ។
លោកជំទាវ ឯក គន្ធវារី ក៏បានស្នើរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ដ សូមសហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការថែទាំផ្លូវ និងលូ ឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវអោយបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវនេះ ជារបស់ពួកគាត់ ព្រមទាំងហាមដឹកជញ្ជូនទំនិញធន់ធ្ងន់លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងគ្រោះផងដែរ ៕
អត្ថបទ៖ អាចារ្យលាក់

