អតីតនាយករដ្ឋមន្រ្តីថៃសម្បូររឿងចម្រូងចម្រាសរបស់ថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវកាត់ទោសពីបទប្រមាថព្រះមហាក្សត្រនៅសប្ដាហ៍ក្រោយ ស្របពេលដែលប្រទេសថៃ កំពុងតែជួបភាពចលាចលផ្នែកនយោបាយផ្ទៃក្នុង និងនៅតំបន់ព្រំដែនជាមួយកម្ពុជា រួមទាំងបញ្ហាសេដ្ឋកិច្ច ខណៈកូនស្រីរបស់លោក ដែលបច្ចុប្បន្នកាន់តួនាទីជានាយករដ្ឋមន្រ្តីថៃ ក៏កំពុងប្រឈមនឹងការដកហូតតំណែង ក្រោយសកម្មជនថៃជាច្រើនគំរាមតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារ CNA នាថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥។

រយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ តុលាការរបស់ប្រទេសថៃ នឹងបើកសវនាការជាបន្ដបន្ទាប់ ដែលអាចនឹងបញ្ចប់អាជីពនយោបាយរបស់នាយករដ្ឋមន្រ្តីទី៣១ របស់ថៃ រូបនេះ រួមទាំងបញ្ជូនឪពុកវ័យ ៧៥ឆ្នាំដែលជាអតីតនាយករដ្ឋមន្រ្តីផងនោះ ទៅពន្ធនាគារ។



លោក ថាក់ស៊ីន នឹងត្រូវតុលាការសម្រេចកាត់ទោសនៅថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយចោទប្រកាន់ពីបទប្រមាថរបបរាជានិយម ដែលស្ថិតក្រោមច្បាប់បរិហាកេរ្តិ៍ ព្រះមហាក្សត្រថៃ អាចនាំឱ្យមានការកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ១៥ឆ្នាំ។

សូមជម្រាបថា ច្បាប់ប្រមាថព្រះមហាក្សត្រ ជាច្បាប់ដ៏តឹងរឹងដើម្បីការពារព្រះមហាក្សត្រថៃ រួមទាំងខ្សែរាជវង្ស ពីការប្រមាថ ឬរំលោភបំពាន ប៉ុន្ដែអ្នករិះគន់និយាយថា ច្បាប់ត្រូវបានរំលោភបំពាន ដើម្បីរារាំងការបញ្ចេញមតិ និងការជជែកវែកញែកណាមួយ៕

