កណ្តាល៖ នៅម៉ោងប្រហែល ២:០០នាទីអាធ្រាត្រ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ មានករណីទូកដរទទឹងមួយលិច នៅកំពង់ដរកោះមាស ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យបាត់ជនរងគ្រោះចំនួន ២នាក់។






ជនរងគ្រោះទាំង២នាក់គឺប្តីប្រពន្ធ ដែលមានឈ្មោះ ភោគ ផុន អាយុ ៧៧ឆ្នាំ និង ព្រុំ រ៉ុង អាយុ ៧២ឆ្នាំ មានទីលំនៅស្ថិតនៅកំពង់ដរប៉ងស្នាក់នៅលើទូកនោះតែម្ដង។ ករណីត្រូវបានរកឃើញដោយក្មួយរបស់ពួកគាត់នៅវេលាម៉ោង ៣:០០នាទីព្រឹក ពេលដែលគាត់មកកន្លែងហើយឃើញទូកក្រឡាប់ សង្ស័យថាជនរងគ្រោះបានបាត់បង់ជីវិត។ ក្រោយកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន និងខេត្ត ដឹកនាំដោយ ឯកឧត្តម ហាក់ សុខមករា, អភិបាលរងខេត្តកណ្ដាល បានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីសហការជាមួយកម្លាំងជំនាញ និងប្រជាជនក្នុងការស្វែងរកជនរងគ្រោះ។





តាមការបំភ្លឺពីគ្រួសារជនរងគ្រោះ ទូកនោះបានទិញតាំងពីឆ្នាំ២០១៩ និងមានការលិចរន្ធជាច្រើន។ មានតែការបិតជាបណ្តោះអាសន្នប៉ុណ្ណោះ ដោយមិនបានជួសជុលប្រកបដោយស្ដង់ដារ។ រហូតដល់ពេលនេះ កម្លាំងសង្គ្រោះនៅតែបន្តស្វែងរក និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីរកជនរងគ្រោះ និងស្រាវជ្រាវបន្ថែមអំពីមូលហេតុច្បាស់លាស់នៃករណី។
អត្ថបទ៖ កណ្តាល

