ជោគវាសនារបស់នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រា ស្ថិតក្នុងភាពស្រពេចស្រពិល ខណៈតុលាការធម្មនុញ្ញថៃ នឹងពិចារណានៅថ្ងៃទី១ ខែកក្កដា ខាងមុខ ថាតើត្រូវទទួលយកញត្តិដែលទាមទារឱ្យដកតំណែងលោកស្រី ជុំវិញរឿងអាស្រូវបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា ឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

ញត្តិដែលដាក់ដោយសមាជិកសភាចំនួន ៣៦រូប ស្នើឱ្យតុលាការស៊ើបអង្កេតលើវីដេអូឃ្លីបបែកធ្លាយពីកិច្ចសន្ទនាដែលពួកគេចោទថា លោកស្រី ផែថងថាន បានប្រព្រឹត្តទង្វើបំពានរដ្ឋធម្មនុញ្ញ ខ្វះសុចរិតភាព និងបំពានធ្ងន់ធ្ងរក្រមសីលធម៌ស្ដង់ដារ។ សមាជិកព្រឹទ្ធសភាទាំងអស់នេះ ក៏កំពុងស្នើឱ្យតុលាការព្យួរលោកស្រីពីតំណែងជានាយករដ្ឋមន្រ្តីផងដែរ។
ភាពចម្រូងចម្រាសនេះ កើតចេញពីពាក្យបណ្តឹងផ្លូវការមួយកាលពីថ្ងៃទី១៩ ខែមិថុនា ដែលសមាជិកព្រឹទ្ធសភាបានដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញ ទាមទារឱ្យទម្លាក់លោកស្រី ផែថងថាន ចេញពីតំណែង។

យោងតាមក្រុមសមាជិកព្រឹទ្ធសភាថៃខាងលើ បានគូសបញ្ជាក់ថា លោកស្រី ផែថងថាន បានធ្វើសកម្មភាពបំផ្លាញសេចក្ដីថ្លៃថ្នូរក្នុងនាមជានាយករដ្ឋមន្ត្រី ព្រមទាំងរំលោភអំណាចដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ជាមួយរដ្ឋ ដោយបំពានគោលការណ៍ផលប្រយោជន៍សាធារណៈ និងអភិបាលកិច្ចល្អ។

យ៉ាងណាម៉ិញ ឥទ្ធិពលនយោបាយអាចមានសារៈសំខាន់។ ប្រសិនបើតុលាការធម្មនុញ្ញទទួលយកញត្តិនេះ ហើយបញ្ជាឱ្យនាយករដ្ឋមន្ត្រីឈប់បំពេញតួនាទីរបស់ខ្លួន វានឹងបញ្ជូនសញ្ញានយោបាយដ៏មានឥទ្ធិពល និងអាចជះឥទ្ធិពលអាក្រក់ដល់អនាគតនៃរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ។
ផលប៉ះពាល់នៃការបែកធ្លាយកិច្ចសន្ទនាដ៏ចម្រូងចម្រាសបានរីកធំហួសពីតុលាការធម្មនុញ្ញ ហើយឥឡូវនេះពាក់ព័ន្ធនឹងស្ថាប័នត្រួតពិនិត្យឯករាជ្យ។ ខណៈគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានចាប់ផ្តើមរៀបចំរួចហើយ ដើម្បីដោះស្រាយបញ្ហានេះ។

គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) បានផ្តល់អាទិភាពលើការស៊ើបអង្កេត និងបានបញ្ជាឱ្យមានការពិនិត្យជាបន្ទាន់។ ក្នុងចំណោមនោះ គឺជាសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកន្លងមកដែលបានដកសិទ្ធិអតីតនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីន ជុំវិញការតែងតាំងលោក Phichit Chuenban ជារដ្ឋមន្ត្រីខុទ្ទកាល័យ។
លោក Phichai Ratnatilaka Na Bhuket សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅវិទ្យាស្ថានជាតិគ្រប់គ្រងអភិវឌ្ឍន៍ (Nida) បានប្រាប់កាសែតបាងកកប៉ុស្តិ៍ ថា បញ្ហាប្រឈមផ្លូវច្បាប់របស់លោកស្រី ផែថងថាន ទំនងជានឹងពិបាកដោះស្រាយខ្លាំង ជាពិសេសញត្តិដែលដាក់ដោយសមាជិកព្រឹទ្ធសភាទៅតុលាការធម្មនុញ្ញ ដើម្បីស្វែងរកសេចក្តីសម្រេចបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី។

លោក Phichai បាននិយាយថា ក្នុងចំណោមការគំរាមកំហែងផ្នែកច្បាប់ដែលអាចកើតមានទាំងអស់ ករណីពិសេសនេះអាចបង្ហាញពីផលវិបាកធ្ងន់ធ្ងរបំផុតសម្រាប់អនាគតនាយករដ្ឋមន្ត្រី។ លោកពន្យល់ថា ដោយសារញត្តិត្រូវបានដាក់ដោយសមាជិកព្រឹទ្ធសភា វាទំនងជាមានទម្ងន់ធ្ងន់ជាងការប្តឹងដោយពលរដ្ឋឯកជន។ លោកជឿថា តុលាការនឹងទទួលយកញត្តិដើម្បីពិចារណា ហើយប្រសិនបើតុលាការទទួលញត្តិមែននោះ ដំណើរការពិភាក្សាទំនងជានឹងចំណាយពេលប្រហែល ២ខែ៕

