ជនសង្ស័យចំនួន ៣នាក់ ត្រូវបានប៉ូលីសថៃចាប់ខ្លួនពីបទឆបោកតាមប្រាក់តាមបណ្ដាញទំនាក់ទំនងសង្គម Facebook បោកជនរងគ្រោះជិត ៤០០នាក់ បានប្រាក់ជាង ២០លានបាត (ស្មើនឹងជាង ៦លានដុល្លារអាមេរិក)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥។

ឧត្ដមសេនីយ៍ទោ Wittaya Sriprasertphap មេបញ្ជាការនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (CSD) បានប្រាប់អ្នកកាសែតថៃថា ក្នុងចំណោមជនសង្ស័យទាំង៣នាក់ មាន ២នាក់ឈ្មោះ Korrakot អាយុ២៩ឆ្នាំ, Kritanai អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនក្នុងខុនដូមួយកន្លែងនៅខណ្ឌ Klong Toey ក្រុងបាងកក និងម្នាក់ទៀតឈ្មោះ Papontee អាយុ៣០ឆ្នាំ ត្រូវចាប់បានក្នុងផ្ទះរបស់គាត់នៅឯខេត្ត Lop Buri។

ក្នុងប្រតិបត្តិការបង្រ្កាបនេះ ប៉ូលីសថៃ បានរឹបអូសបានរថយន្ដទំនើប Mercedes-Benz C200 Coupe AMG ពណ៌ក្រហមមួយគ្រឿង, ទូរស័ព្ទដៃ ២៣គ្រឿង, កំព្យូទ័រលើតុ និង Laptop ៦គ្រឿង, ម៉ាស៊ីនរាប់លុយមួយគ្រឿង និងមាស២ដុំ ដែលសរុបចូលគ្នាទាំងអស់មានតម្លៃ ៤លានបាត។

ជនសង្ស័យទាំង ៣នាក់ ត្រូវបានតុលាការខេត្តសុងក្លា ចេញដីកាចាប់ខ្លួនពីបទក្លែងបន្លំសាធារណៈ បញ្ចូល​ទិន្នន័យ​មិន​ពិត​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ និង​ប្រើប្រាស់​កាត​អេឡិចត្រូនិក​របស់​អ្នក​ដទៃ​ដោយ​ខុស​ច្បាប់។

គួរបញ្ជាក់ថា ករណីឆបោកនេះ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ នៅពេលដែលបុគ្គលិកធនាគារម្នាក់បានផ្ញើរបាយការណ៍មួយដែលបង្ហាញថា មានអតិថិជនត្រូវបានគេបោកបន្លំក្នុងការដាក់ពាក្យស្នើសុំប័ណ្ណឥណទាន ឬឥណពន្ធតាមអ៊ីនធឺណិត តាមរយៈជនឆបោក ដែលបន្លំធ្វើជាបុគ្គលិកធនាគារ ហើយបង្ហោះព័ត៌មានក្លែងក្លាយលើទំព័រហ្វេសប៊ុក។

ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់ថា ក្រុមទាំងនោះបានទិញផេកហ្វេសប៊ុកដែលមានចំនួនអ្នកតាមដានខ្ពស់។ផេកទាំងនេះត្រូវបានកែឈ្មោះធ្វើជាធនាគារ នឹងដាក់និមិត្តសញ្ញាក្លែងក្លាយ មានឈ្មោះដូចជា «Xpress Cash» ឬ «Quick Loans»៕

ប្រភព៖ Bangkok Post

Share.