ពោធិ៍សាត់÷ ការនេសាទត្រីនៅលើបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកើនឡើងវិញ បន្ទាប់ពីកងកម្លាំងសមត្ថកិច្ចចម្រុះបានអនុវត្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទយ៉ាងតឹងរឹង។

សមត្ថភាពនេសាទរបស់ប្រជាពលរដ្ឋបានកែលម្អ ដោយប្រើប្រាស់ឧបករណ៍ស្របច្បាប់មានដូចជា ក្រឡាដែលមានប្រវែងអប្បបរមា ៣សង់ទីម៉ែត្រ និងប្រវែងមិនលើស ១៥០ ម៉ែត្រ សម្រាប់ប្រភេទឧបករណ៍នេសាទ ច្បរ ឬណរ៉ាវ នៅក្នុងរដូវបិទនេះជាដើម។ ចំណុចត្រង់នេះហើយដែរធ្វើឱ្យប្រជាជនចំណាយថវិការតិចជាងមុន ប៉ុន្តែទទួលបានផលច្រើនជាងសម័យមុន ដែលធ្លាប់ប្រើឧបករណ៍ខុសច្បាប់ និងចំណាយទុនច្រើន។

តាមការចុះត្រួតពិនិត្យសកម្មភាពនេសាទរបស់បងប្អូនប្រជាពលរដ្ឋលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកក្រគរ ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៥ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា បទល្មើសនេសាទបានថយចុះយ៉ាងច្រើន ហើយប្រជាជនប្រហែល ៩៩% បានគោរពច្បាប់ជលផលយ៉ាងសកម្ម។

ជាមួយគ្នាអាជ្ញាធរខេត្ត ក៏បានអំពាវនាវឲ្យប្រជានេសាទបន្តគោរពច្បាប់ ដើម្បីរក្សាបាននូវធនធានជលផលឲ្យមានស្ថិរភាព និងអាចប្រើប្រាស់បានយូរអង្វែង។

អត្ថបទ÷ពោធិ៍សាត់

Share.