ក្រសួងបរិស្ថានបានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ដែលមានទីតាំងនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីបានរកឃើញការបំពុលបរិស្ថានជាបន្តបន្ទាប់ ជាពិសេសការបង្ហូរសំណល់រាវចូលក្នុងព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកជុំវិញ។
សេចក្ដីសម្រេចនេះត្រូវបានចេញតាមលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលបញ្ជាក់ឱ្យផ្អាកការផលិតរហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងាររួមរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យ និងអនុវត្តវិធានការច្បាប់នៅថ្ងៃ ២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលស្រុក មេឃុំ និងតំណាងប្រជាពលរដ្ឋក្នុងតំបន់រងផលប៉ះពាល់។
ក្រុមហ៊ុននេះ ត្រូវបានចាត់វិធានការរួចម្តងហើយពីមុន ដោយតាំងពីឆ្នាំ ២០២១ ក្រុមហ៊ុនបានទទួលការផាកពិន័យ និងបញ្ជារួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដើម្បីឱ្យកែតម្រូវ។ ទោះបីជាមានការផ្តល់ឱកាសដល់៣លើកកន្លងមក ក៏ក្រុមហ៊ុននៅតែបន្តបំពុលដោយមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។ ក្រៅពីនេះ ក្រសួងបរិស្ថានក៏បានសម្រេចផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមានទីតាំងជាប់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ ក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ដោយសារបំពុលបរិស្ថានដូចគ្នា។
វិធានការរួមមាន៖ ផ្អាកសកម្មភាពផលិតកម្មរហូតដល់កែតម្រូវបានត្រឹមត្រូវ បង់ពិន័យអន្តរជាតិ, ផ្តល់សំណងដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ស្តារបរិស្ថានដែលខូចខាតអនុវត្តវិធានការបច្ចេកទេសតាមបទដ្ឋានច្បាប់
ក្រសួងបរិស្ថានបានបញ្ជាក់ថា បើសិនក្រុមហ៊ុនមិនអនុវត្តតាមសេចក្ដីសម្រេចនេះ នឹងមានការចាត់វិធានការកាន់តែរឹងមាំ រហូតដល់ដាច់ចិត្តបិទរោងចក្រតាមច្បាប់។ សេចក្ដីសម្រេចនេះផ្អែកលើក្រមច្បាប់បរិស្ថាន អនុក្រឹត្យទាក់ទងនឹងការត្រួតពិនិត្យការបំពុលទឹក និងសេចក្ដីណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថបទ៖ ត្រយងតូច

