នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្ដម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួបលើកទី៧៤ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដែលចូលរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។




ពិធីនេះមានការចូលរួមយ៉ាងសកម្មពីសមាជិកគណៈកម្មាធិការខេត្ត ក្រុង/ស្រុក/ឃុំ/សង្កាត់ និងអាជ្ញាធរផ្សេងៗ ជាចំនួនប្រមាណជាង ១៥,០០០ នាក់។
ឯកឧត្ដម ជា សុផារ៉ា បានអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលើកឡើងពីប្រវត្តិនិងស្នាដៃរបស់គណបក្សក្នុងរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ ក្នុងការជំរុញការអភិវឌ្ឍប្រទេស កសាងសន្តិភាព និងស្ថិរភាពខាងនយោបាយ សេដ្ឋកិច្ច និងសង្គម។








ក្នុងឱកាសនោះដែរ ឯកឧត្ដម ជា សុផារ៉ា បានស្នើឲ្យសមាជិកគណបក្សទូទាំងខេត្តត្បូងឃ្មុំ ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដួចផ្ដើមស្នើសុំវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ ពីបុគ្គលដែលសហការជាមួយបរទេសក្នុងសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។
ពិធីនេះ មិនត្រឹមតែជារូបភាពនៃការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែអាចជាពិធីបញ្ជាក់ពីភាពរឹងមាំនៃគណបក្ស ក្នុងការបន្តការអភិវឌ្ឍន៍ ប្រកបដោយសុវត្ថិភាព និងជោគជ័យសម្រាប់ប្រជាជនកម្ពុជា។






សូមរំលឹកថា គំនិតផ្តួចផ្តើមពីសំណាក់ប្រធានព្រឹទ្ធសភាគឺសម្តេចតេជោហ៊ុន សែនអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកហូតសញ្ជាតិខ្មែរ ពីបុគ្គលដែលសហការជាមួយបរទេសក្នុងសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិនេះ កើតមានឡើងបន្ទាប់ពីសម្តេចមើលឃើញថា មួយរយៈចុងក្រោយនេះមានបុគ្គលមួយចំនួនហាក់បាននិងធ្វើសកម្មភាពគាំទ្របរទេសពាក់ព័ន្ធនឹងសំណុំរឿងជម្លោះព្រំដែនរវាងកម្ពុជានិងប្រទេសជិតខាង។ពួកគេ វាយប្រហារលើយោធាកម្ពុជា ព្រមទាំងទាមទារឱ្យរដ្ឋាភិបាល បង្ហាញឯកសារពាក្យបណ្តឹង ដែលកម្ពុជា ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ។




យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺមិនអនុញ្ញាតឱ្យមានការដកសញ្ជាតិចំពោះជនជាតិខ្មែរណាមួយនោះឡើយ។ ពាក់ព័ន្ធនឹងសញ្ជាតិនេះដែរ មាត្រា៧ នៃច្បាប់ស្ដីពីសញ្ជាតិ បានចែងថា «ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក»៕
អត្ថបទ÷អាចារ្យលាក់
