ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរាយការណ៍អំពីស្ថានភាពការបើកបរប្រតិបត្តិការនៃច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ ជាមួយប្រទេសថៃ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅតែមានការរឹតបន្តឹងខ្លាំងក្នុងការចេញចូល ព្រមទាំងការបន្តបិទពីភាគីខ្មែរ រងចាំការសម្រេចចិត្តថ្មីពីថ្នាក់ដឹកនាំ។





ច្រកអូរស្មាច់ បើកពីខាងថៃចាប់ពីម៉ោង ០៦:០០ ព្រឹក ដល់ ១០:០០ យប់ តែបន្តហាមឃាត់មនុស្ស និងរថយន្តចេញចូល លើកលែងតែអ្នកជំងឺបន្ទាន់ និងសិស្សសាលា។ ខាងខេត្តក៏បន្តរក្សាស្ថានភាពបិទដដែល។ ដោយនៅថ្ងៃនេះមានពលរដ្ឋខ្មែរចំនួន ៨៩នាក់បានចូលមកកម្ពុជាវិញ ក្នុងនោះ ៧៧នាក់ត្រូវបានភាគីថៃបញ្ជូន។

ច្រកជាំ ក៏បើកដោយភាគីថៃជារៀងរាល់ថ្ងៃចាប់ពីម៉ោង ០៧:០០ ដល់ ១០:០០ យប់ ដោយមានលក្ខខណ្ឌដូចគ្នាទៅនឹងច្រកអូស្មាច់ដែរ។ ដោយនៅព្រឹកថ្ងៃនេះ អភិបាលខេត្តបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរចំនួន៤នាក់ចូលវិញ និងជនជាតិថៃចំនួន ២នាក់ចេញទៅវិញនៅរសៀលម៉ោង ១៥:០០នាទី។




ច្រកជប់គគីរ ត្រូវបានបើកពីភាគីថៃចាប់ពីម៉ោង ០៨:០០ ព្រឹក ដល់ ១៥:០០ រសៀល តែខេត្តក៏នៅតែបិទដដែល។ ទោះបីជាយ៉ាងណា អាជីវករផ្សារជប់គគីរទាំង ២០តូបជាប់ព្រំដែនក្នុងទឹកដីកម្ពុជា បានត្រលប់មកបើកតូបលក់ដូចដើមវិញ។
តាមរបាយការណ៍រដ្ឋបាលខេត្តបានបញ្ជាក់ថា ពលករខ្មែរចំនួន ២,៥៨២នាក់ បានត្រលប់មកកម្ពុជាវិញគិតត្រឹមថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ។ ក្នុងនោះភាគីថៃបានបញ្ជូនពលរករខ្មែរមកវិញចំនួន ១,០២០នាក់។ ហើយនៅថ្ងៃនេះ ពលករខ្មែរដែលភាគីថៃបញ្ជូនមកតាមច្រកអូរស្មាច់មានចំនួន ៧៧នាក់ ស្រី ៣៦នាក់ ហើយត្រូវបានបញ្ជូនទៅមណ្ឌលសំចត និងចុះឈ្មោះស្វែងរកការងារធ្វើ និងរៀនជំនាញវិជ្ជាជីវៈ មុននឹងត្រលប់ទៅខេត្តដើមរបស់ខ្លួន។
រដ្ឋបាលខេត្តក៏បានបញ្ជាក់បន្ថែមថា ចំពោះច្រកព្រំដែនទាំង៣ នៅក្នុងខេត្តឧត្តរមានជ័យ មិនមានសកម្មភាពនាំចូលបន្លែ ផ្លែឈើ ឬប្រេងឥន្ទនៈនោះឡើយ។ ហើយស្ថានភាពសន្តិសុខត្រូវបានថែរក្សា និងគ្មានអ្វីគួរឱ្យកត់សម្គាល់នោះទេ៕
