ក្រុមជម្រើសជាតិនារីកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អបើទោះបីជាបានត្រឹមស្មើជាមួយក្រុមនារីហុងកុង ប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers នារាត្រីថ្ងៃទី២៩ ខែមិថុនា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

យ៉ាងណាក្រុមជម្រើសជាតិនារីកម្ពុជា បានរក្សាតំណត់ត្រាដ៏ល្អមួយ និង ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារី ដោយ ឆ្លងកាល ៥ប្រកួតចុងក្រោយបន្តរកគ្រាប់បានគ្រប់ការប្រកួត ដោយឈ្នះ ៣ ចាញ់ ១ និងស្មើ១។
សម្រាប់លទ្ធផល ៥ប្រកួតចុងក្រោយរបស់ក្រុមនារីកម្ពុជា រួមមាន៖
- ថ្ងៃទី២៩ វិច្ឆិកា ២០២៤៖ កម្ពុជា ២-០ ម៉ាឡេស៊ី វគ្គជម្រុះ AFF Women’s Cup
- ថ្ងៃទី២ ធ្នូ ២០២៤៖ កម្ពុជា ៣-០ ទីម័រ ខាងកើត វគ្គជម្រុះ AFF Women’s Cup
- ថ្ងៃទី៥ ធ្នូ ២០២៤៖ កម្ពុជា ១-៣ ឥណ្ឌូណេស៊ី វគ្គផ្ដាច់ព្រ័ត្រ AFF Women’s Cup
- ថ្ងៃទី២៥ មិថុនា ២០២៥៖ កម្ពុជា ១-០ កោះហ្គាំ ប្រកួតមិត្តភាព អន្តរជាតិ
- ថ្ងៃទី២៩ មិថុនា ២០២៥៖ ហុងកុង ១-១ កម្ពុជា វគ្គជម្រុះ AFC Women’s Asian Cup qualification
រំលឹងដែរថា ក្នុងរយៈពេល ៧ឆ្នាំ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយការបង្ហាញខ្លួនជាផ្លូវការលើកដំបូងរបស់ក្រុមនារីកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មកក្រុមនារីកម្ពុជា ពុំដែលទទួលបានលទ្ធផលល្អម្ដងណាឡើយ។

ងាកមកបេសកម្មរបស់ក្រុមនារីកម្ពុជា ដែលកំពុងចូលរួម គឺការប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដោយកម្ពុជាជាម្ចាស់ផ្ទះ ជាមួយអារ៉ាប៊ីសាអូឌីត, ហុងកុង និងហ្វីលីពីន។ ខណ:ការប្រកួតទី២ នៅថ្ងៃទី០២ ខែកក្កដាខាងមុខ នឹងត្រូវជួបក្រុមនារីហ្វីលីពីន ម៉ោង ៧យប់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់នារីកម្ពុជា បន្ទាប់ពីប្រកួតវគ្គជម្រុះពានរង្វាន់កម្រិតអស៊ីនេះរួច ក្រុមនារីកម្ពុជា ក៏ត្រូវមានភារកិច្ចលើឆាកអន្តរជាតិ ២ កម្មវិធីផ្សេងទៀត នៅពាក់កណ្តាលឆ្នាំ ២០២៥ គឺការប្រកួតពានរង្វាន់នារីអាស៊ាន ASEAN Women’s Championship នៅប្រទេសវៀតណាម ចាប់ពីថ្ងៃ ៦ ដល់ទី ៩ ខែសីហា និងចុងក្រោយការប្រកួតកីឡាស៊ីហ្គេម លើកទី ៣៣ នាអំឡុងខែធ្នូ ចុងឆ្នាំ២០២៥នេះ នៅប្រទេសថៃ៕


