កីឡាសម្រាប់ទាំងអស់គ្នា ជាកម្មវិធីសម្រាប់មហាជនទូទៅក្នុងសង្គមគ្រប់វ័យ គ្រប់ភេទ គ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសកម្មភាពកម្សាន្តតាមបែបវប្បធម៌ភាពសប្បាយរីករាយ លើកកម្ពស់សុខភាព សុខុមាលភាព និងឈានទៅអភិវឌ្ឍវស័យកីឡាជាតិ។

នេះជាការលើកឡើងរបស់ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអបរំ យុវជន និងកីឡា អញ្ជើញជាអធិបតីភាពបើកទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៥ (Sports For All) ឆ្នាំ២០២៥ ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប” នៅបឹងកន្សែង ខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
នាទិវានេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ញ៉ែម សំអឿន អភិបាល នៃខណៈអភិបាលខេត្តរតនគិរី លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា អភិបាលរងខេត្ត លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកប្រធាននាយកដ្ឋានកីឡាជំនាញ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្រ្តីរាជការ មហាជន ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កីឡាករ-កីឡាការិនី។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នានេះ ដោយអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនៅបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស និងអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន នៃក្រសួងអប់រំ យុវជន និងកីឡា និងការអនុញ្ញាតជាគោលការណ៍ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំនេះ ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប” និងសម្រាប់ជាឯកសារធ្វើបទបង្ហាញដល់សហគមអាស៊ាន នៅពេលកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាននៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ និងក៏បានផ្តល់ឱកាសដល់លោក លោកស្រី មន្ត្រីរាជការ នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅខេត្តរតនគិរីបានចូលរួមហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព ភាពសប្បាយរីករាយ សុខភាពល្អ មិត្តភាព សាមគ្គីភាព។
សកម្មភាពលេងកីឡាក៏ធ្វើឱ្យមនុស្សគ្រប់រូបមានសុខភាពល្អ រូបរាងកាយមាំមួន អារម្មណ៍ស្រស់ថ្លា ស្មារតីរឹងមាំ ប្រាជ្ញាវាងវៃ ដោយបានបញ្ចេញជាតិពុលពីក្នុងខ្លួន កាត់បន្ថយភាពស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ ទប់ស្កាត់ជំងឺផ្សេងៗ និងបានកាត់បន្ថយថ្លៃព្យាបាល ជំងឺទៀតផង។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា “Sports for All” ឆ្នាំ២០២៥ នៅទីរួមខេត្តរតនគិរីនាពេលនេះ ក្រោមប្រធានបទ “សុខភាពជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប” ដើម្បីផ្សព្វផ្សាយ អំពីសារៈប្រយោជន៍ នៃការហាត់ប្រាណនិងលេងកីឡា និងឱ្យប្រជាជន យកចិត្តទុកដាក់ដល់សុខភាពជាចម្បង តាមរយៈចូលរួមសកម្មភាពហាត់ប្រាណនិងលេងកីឡា ដោយមិនគិតថាក្មេង ចាស់ ភេទ ឋានៈតួនាទី ឱ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតី ការពារជំងឺដូចជាឆាប់ហត់ លើសឈាម ទឹកនោមផ្អែម ជំងឺរាំរ៉ៃមួយចំនួន និងកាត់បន្ថយការចំណាយលើសេវាសុខាភិបាល ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សហគមន៍ សង្គមកម្ពុជាទាំងមូល ប្រកបដោយសុខដុមនីយកម្ម។

លោក ញ៉ែម សំអឿន អភិបាល នៃខណៈអភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែល បានជ្រើសរើសយកខេត្តរតនគិរី ជាទីកន្លែងរៀបចំទិវាកីឡាសម្រាប់យើងទាំងអស់គ្នា គឺជាព្រឹត្តការណ៍ ដ៏មានសារៈសំខាន់ សម្រាប់ខេត្តរតនគិរី និងសូមការអនុញ្ញាតជម្រាបជូនអង្គពិធីថា៖ រដ្ឋបាលខេត្ត បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកម្ពស់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈ ការរៀបចំកន្លែងហាត់ប្រាណ ក្លឹបហាត់ប្រាណ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការហាត់ប្រាណ និង លេងកីឡា ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ព្រមទាំការចូលរួមផ្សព្វផ្សាយអំពីគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកីឡាជាតិ។
អភិបាលខេត្ត បានបន្ថែមថា៖ យើងដឹងហើយកីឡាសម្រាប់ទាំងអស់គ្នា សំដៅដល់ការជំរុញលើកទឹកចិត្តឱ្យមនុស្សគ្រប់ភេទ គ្រប់វ័យ គ្រប់ជាតិសាសន៍ ចូលរួមក្នុងសកម្មភាពលេងកីឡាជាច្រើនប្រភេទ នៅពេលទំនេរពីការងារ ដោយលេងជាលក្ខណៈក្រុម លក្ខណៈគ្រួសារ ដើម្បីលើកកម្ពស់ សុខភាពផ្លូវកាយ ផ្លូវចិត្ត សមត្ថភាព សរីរាង្គកាយ សាមគ្គីភាព ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញ ទៅមកពិសេសមានសាមគ្គីភាព។ សកម្មភាពទាំងនេះ បានផ្តល់ឱ្យមនុស្សមានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត មានកាយសប្បទាមាំមួន ប្រាជ្ញាវាងវៃ ស្មារតីរឹងមាំ បង្ការជំងឺផ្សេងៗ ជាធនធានមនុស្សមានសក្តានុពលជួយដល់ការអភិវឌ្ឍសង្គម ជាតិ៕









