អន្តរជាតិ៖ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ កើតមានហេតុការណ៍ឆេះរោងចក្រ RiverPro ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ឧស្សាហកម្មសេដ្ឋកិច្ចពិសេស Hemaraj នៅក្នុងភូមិ ៨ ស្រុក ណងកែវ ខេត្តសារ៉ាប៊ុរី នៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹកនេះបង្កឱ្យផ្សែងពុលភាយឡើងពេញមេឃ។

នៅអំឡុងពេលអណ្ដាតភ្លើងកំពុងតែផុសយ៉ាងសន្ធោសន្ធៅឡើងលើមេឃនាយកដ្ឋានពន្លត់អគ្គីភ័យនៃអង្គភាពរដ្ឋបាលមូលដ្ឋាននៅក្នុងតំបន់ស្រុកណងកែវ បានចេញជួយអន្តរាគមន៍ពន្លត់ភ្លើងភ្លាមៗ។ យ៉ាងណាមិញ តាមសេចក្ដីរាយការណ៍របស់ក្រុមជួយសង្គ្រោះនិងពន្លត់ភ្លើងបានបញ្ជាក់ថា មានកម្មកររោងចក្រចំនួន ១០ នាក់បានបាត់ខ្លួនឬជាប់គាំងនៅក្នុងរោងចក្រអំឡុងពេលភ្លើងឆេះ។

រហូតមកទល់ពេលនេះ ស្ថានភាពភ្លើងនៅមិនទាន់អាចពន្លត់បានទាំងស្រុងនៅឡើយទេ ខណៈក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ និងស្វែងរកមនុស្សដែលបាត់ខ្លួនខាងលើ។ ដោយឡែកនៅមិនទាន់មានរបាយកាណ៍អំពីអ្នកស្លាប់ និងអ្នករងរបួសនៅឡើយទេ។ នេះបើតាមសារព័ត៌មាន Bright Tv បានចេញផ្សាយនៅពេលមុននេះបន្តិច៕

Share.