ត្បូងឃ្មុំ៖ ការអភិវឌ្ឍផ្លូវនៅតំបន់ជនបទកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ការដេញថ្លៃសាធារណៈសម្រាប់គម្រោងសាងសង់ផ្លូវបេតុងថ្មីមួយខ្សែ ប្រវែងជិត ១,០០០ម៉ែត្រ នៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅដោយមានការចូលរួមពីក្រុមហ៊ុនចំនួន៨។

ការដាក់ឱ្យដេញថ្លៃផ្លូវបេតុងនេះ គឺបានទៅលើ ក្រុមហ៊ុន ហ៊ន់ សោភ័ណ្ឌ ដែលបានឈ្នះការដេញថ្លៃដោយតម្លៃសរុប ជាង ២៨៥លានរៀល ក្នុងគម្រោងដែលមានតម្លៃប៉ាន់ស្មានជិត ៦៦០លានរៀល។ ការដេញថ្លៃត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ តាមរយៈប្រព័ន្ធទីផ្សារសេរី មានយុត្តិធម៌ និងតម្លាភាព ក្រោមការត្រួតពិនិត្យពីរដ្ឋបាលខេត្ត ស្រុក និងឃុំ។

ផ្លូវនេះមានទទឹង ៥ម៉ែត្រ កំរាស់ ១តឹកកន្លះ មានលូទោលកាត់ផ្លូវមុខកាត់១ម៉ែត្រ ប្រវែង៦ម៉ែត្រ ចំនួន៣កន្លែង និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវសាធារណៈ ចំនួន២០កន្លែងផងដែរ ។

លោកស្រី សុខ ណារិទ្ធ គណៈកម្មការលទ្ធកម្មឃុំ បានលើកឡើងថា ក្រោយការដេញថ្លៃបានបញ្ជប់ហើយនោះ ខាងក្រុមហ៊ុន និងត្រូវចុះកិច្ចសន្យាជាផ្លូវការនៅម៉ោង៨ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាឃុំរំចេក ។ដោយគម្រោងនេះគឺជាការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការកែលម្អគមនាគមន៍ និងជួយលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់។

អត្ថបទ÷អាចារ្យលាក់

Share.