សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសជាផ្លូវការ ពីក្រុមដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតដំណាក់កាលជម្រុះបឋម នៃពានរង្វាន់ AFC Women’s Champions League™ 2025/26 ក្នុងនោះក្រុមនារីភ្នំពេញក្រោនរបស់កម្ពុជា ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះផងដែរ។

សម្រាប់ក្រុមជម្រើសជាតិនារី ទាំង ៥ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ រួមមាន៖ ភ្នំពេញក្រោន (កម្ពុជា) Kelana United FC (ម៉ាឡេស៊ី) PFC Nasaf (អ៊ូបេគីស្ថាន) ISPE WFC (មីយ៉ាន់ម៉ា) និង Master FC (ឡាវ) ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះតាមពូល ខណ:ការចាប់ឆ្នោត នឹងធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០នាទី រសៀល នៅ AFC House ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។
រំលឹកថា ក្រុមចំនួន ២៦នឹងត្រូវប្រកួតប្រជែងនៅឆ្នាំនេះ ដែលក្នុងនោះមាន ១៩ក្រុម ត្រូវប្រកួតដំណាក់កាលជម្រុះបឋម បំបែកជា ៥ពូល (៤ពូលមាន ៤ក្រុម ហើយពូល១ចុងក្រោយ មាន ៣ក្រុម)។ ការប្រកួត ធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ ៣១ ខែសីហា ឆ្នាំ២០២៥។ មានតែក្រុមកំពូលតារាងទាំង៥ ប៉ុណ្ណោះដែលនឹងឈានទៅជុំចុងក្រោយ។

សម្រាប់ក្រុមដែល ឈរចាំនៅវគ្គជម្រុះជុំចុងក្រោយក្នុងពូល Group Stage នៃពានរង្វាន់ AFC Women’s Champions League™ 2025/26 មានដូចជា៖ Melbourne City FC (អូស្រ្តាលី) Suwon FC Women (កូរ៉េខាងត្បូង) Tokyo Verdy Beleza (ជប៉ុន) Wuhan Jiangda (ចិន) Ho Chi Minh City Women’s FC (វៀតណាម) Bam Khatoon FC (អ៊ីរ៉ង់) និងក្រុមមកពីអារ៉ាប់រួម។
សម្រាប់ការការចាប់ឆ្នោតវគ្គ Group Stage នឹងធ្វើឡើងនៅខែកញ្ញា ហើយការប្រកួតចុងក្រោយនឹងចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រុមនារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League 2024-25 ក្រោយយកឈ្នះ ក្រុមនារីវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២-០ នាល្ងាចថ្ងៃទី៨ កុម្ភ: នៅក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕


