ភ្នំពេញ ៖ ហ្វូងសត្វក្របីចំនួន៥ក្បាល មិនដឹងថាម្ចាស់ចិញ្ចឹមព្រលែងឱ្យដើរសេរី ឬរួចមកពីណានោះទេ ដើរតាមផ្លូវ ជុះពេញផ្លូវ ដេកលើសួន ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


តាមប្រជាពលរដ្ឋបានឱ្យដឹងថា ហ្វូងសត្វក្របីចំនួន៥ក្បាល ឃើញដើរសេរី ជុះតាមផ្លូវជាតិលេខ៤ តាំងពីវេលាទៀបភ្លឺថ្ងៃទី០១នេះ មកម៉្លេះ មិនដឹងថា រួចពីក្រោល ឬម្ចាស់ អ្នកចិញ្ចឹមព្រលែងឱ្យដើរសេរីបែបនេះនោះទេ តែបើកន្លងមក មានអ្នកចិញ្ចឹមគោ ព្រលែងឱ្យដើររកសុី ដេកសេរី តាមផ្លូវដែរ ទាំងយប់ ថ្ងៃ ត្រូវបានអាជ្ញាធរចាប់ ហៅម្ចាស់ធ្វើការអប់រំ បាត់មួយរយៈ ទើបតែពេលនេះ វត្តមានសត្វក្របី ដើរទាំងហ្វូង តាមផ្លូវ ទីសាធារណៈ ដេកតាមសួនស្មៅ មិនដឹងថាម្ចាស់នៅឯណា ។


សត្វក្របីចំនួន៥ក្បាលនេះ ខណៈដែលដេកលើសួនមុខសាលាសង្កាត់ចោមចៅទី៣ស្រាប់ ពលរដ្ឋសំណូមពរ ឱ្យអាជ្ញាធរ មានវិធានការ ចាប់ឃាត់ ហៅម្ចាស់ ដើម្បីធ្វើការអប់រំ ជៀសវាងសត្វដែលលោកអ្នកចិញ្ចឹម បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬបាត់បង់ ទ្រព្យរបស់ខ្លួន ៕


អត្ថបទ៖ តាតុងសែនជ័យ

