នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានស្រាវជ្រាវបង្ក្រាបករណីបង្ហោះព័ត៌មានក្លែងក្លាយ និងឆបោកប្រាក់តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើល និងការភាន់ច្រឡំនៅក្នុងសង្គម ក្រោមរូបភាពជម្លោះព្រំដែន ហើយបានអំពាវនាវសប្បុរសធម៌ រៃអង្គាសប្រាក់ថែមទៀត។

ជនសង្ស័យមានឈ្មោះ ទ.ស.ប, ភេទប្រុស ត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនក្រោមការសម្របសម្រួលជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងគោលបំណងឆបោកប្រាក់តាមប្រព័ន្ធអនឡាញ។
តាមរបាយការណ៍ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមសមាសភាពកងកម្លាំងជួរមុខ ផ្សព្វផ្សាយវីដេអូក្លែងក្លាយអំពីស្ថានការណ៍ផ្ទុះអាវុធនៅព្រំដែន បង្កការភាន់ច្រឡំ និងបុំភ្លើសសាធារណជនថាមានសង្គ្រាមកើតឡើង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នានាយកដ្ឋាន បានក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ៖ចតុម្មុខ

