សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានប្រកាសថា ក្រុមអ្នកច្បាប់អន្តរជាតិនឹងមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥នេះ ដើម្បីរៀបចំឯកសារសម្រាប់ បញ្ជូនសំណុំរឿងជម្លោះព្រំដែនរវាងកម្ពុជាថៃទាំង៤ចំណុចទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ ICJ។
ការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញជាអធិតបតីពិធី“ទិវាមច្ឆជាតិ ១កក្កដា ២០២៥” នៅខេត្តតាកែវនា ព្រឹកថ្ងៃអង្គារ ទី១ កក្កដា ២០២៥នេះ។
តំបន់ព្រំដែនមានជម្លោះទាំង៤ចំណុចដែលកម្ពុជាសម្រេចដាក់ពាក្យប្តឹងដើម្បីស្វែងយកយុត្តិធម៌ពីតុលាការយុត្តិធម៌អន្តរជាតិនោះរួមមាន ប្រាសាទតាមាន់តូច តាមាន់ តាក្របី និងតំបន់មុំ៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ។ ពោលគឺគ្រប់យ៉ាងត្រូវរក្សាឱ្យស្ថិតនៅក្នុងស្ថានភាពដដែល ដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចធិបតីព្រមានថា ថៃ នឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃ ហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ដែលជាតំបន់មិនទាន់ដាច់ស្រេច នឹងកំពុងរង់ចាំការសម្រេចពីតុលាការយុត្តិធម៌អន្តរជាតិ។
ពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរជាថ្មីថា ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជានោះឡើយ គឺថៃជាអ្នកចាប់ផ្តើម។ ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះបើកដោយខ្លួនឯងទៅ ហើយបើថៃបើកវិញ កម្ពុជាបើកវិញដែរ ក្នុងរយៈពេល ៥ម៉ោង៕



