សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាប្រកាស នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះថា រដ្ឋាភិបាលមិនឱ្យកសិករស្លាប់ និងមិនឱ្យគេមើលងាយនោះឡើយ ទោះបីគ្មានជំនួយពីប្រទេសខាងលិច។
ការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងនាឱកាសដែលសម្តេច អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១,៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
បើតាមសម្តេចធិបតី ទោះព្រំដែនមិនបើក រដ្ឋាភិបាលត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្រួលដល់កសិករកម្ពុជា ទោះបីទីផ្សារប្រទេសខាងលិចមិនបើក ក៏នៅមានទីផ្សារប្រទេសផ្សេងទៀតជំហរ។
ក្នុងពិធីនោះដែរ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត សូមឲ្យស្មារតីជាតិនិយម ស្ថិតស្ថេរជារឿងរហូត។
សម្ដេចបវរធិបតី បានថ្លែងបន្តថាក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងកសិឧស្សាហកម្មនៅទិសខាងលិចឱ្យខ្លាំង ដើម្បីជំរុញការច្នៃប្រឌិតផលិតផលកសិកម្មនៅហ្នឹងកន្លែង ឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលនេះជាការធ្វើពិពិធកម្មសេដ្ឋកិច្ច។
សម្តេចបញ្ជាក់ថា យើងមានអង្ករ ជ្រូក ដែលមិនត្រូវការការនាំចូលមកតែត្រូវពង្រីកផលិតផលបន្ថែមទៀត ដូច្នេះក្រសួងកសិកម្ម ត្រូវពិនិត្យមើលពីពូជសាច់ដែលយើងមានប្រៀបហើយអាចចិញ្ចឹមបាន ដើម្បីអាចផ្គត់ផ្គង់ក្នុងស្រុកនិងអាចនាំចេញទៅក្រៅដោយជំនួសការនាំចូលសម្រាប់បន្លែដូចគ្នា៕



